ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាចិន សម្រុកចុះបញ្ជីនៅហុងកុង ស្វែងរកទុនជិត ៦ ពាន់លានដុល្លារ

image


 
ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យា និងផលិតកម្មទំនើបៗរបស់ចិនចំនួន ៥ នៅថ្ងៃអង្គារនេះ បានប្រកាសដាក់លក់ភាគហ៊ុនជាសាធារណៈនៅក្នុងទីក្រុងហុងកុង ដើម្បីប្រមូលទុនរួមគ្នាឱ្យបានរហូតដល់ ៤៤.១ ពាន់លានដុល្លារហុងកុង (ឬប្រហែល ៥.៦ ពាន់លានដុល្លារអាមេរិក) ។
 
ការសម្រុកមកចុះបញ្ជីលក់ភាគហ៊ុននៅថ្ងៃនេះ បានបង្ហាញពីសកម្មភាពដ៏មមាញឹកបំផុតមួយប្រចាំឆ្នាំ ហើយក៏ជាយុទ្ធសាស្ត្រថ្មីដែលបណ្តាក្រុមហ៊ុនចិន កំពុងងាកមកស្វែងរកប្រភពទុននៅក្នុងទីក្រុងហុងកុងវិញ ស្របពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង បានលើកទឹកចិត្តឱ្យក្រុមហ៊ុនក្នុងស្រុកចុះបញ្ជីនៅជិតៗ ដូចជានៅហុងកុង ជាជាងការចេញទៅចុះបញ្ជីនៅប្រទេសលោកខាងលិច ឬសហរដ្ឋអាមេរិក ។
 
ផ្អែកតាមទិន្នន័យពីក្រុមហ៊ុន អិលអេសអ៊ីជី (LSEG) ការចុះបញ្ជីថ្មីៗនៅហុងកុងក្នុងឆមាសទីមួយឆ្នាំនេះ មានតម្លៃសរុបដល់ទៅ ២២.៤៥ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងការកើនឡើងជិត ៥៧ ភាគរយ ធៀបនឹងឆ្នាំមុន និងជាការចាប់ផ្តើមដ៏មមាញឹកបំផុតមិនធ្លាប់មានក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ។
 
ក្នុងចំណោមនោះ ក្រុមហ៊ុន ឡាក់ស៊ែរ ព្រីស៊ីហ្សិន (Luxshare Precision) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ឱ្យក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនធំជាងគេ ដោយគ្រោងនឹងប្រមូលទុនឱ្យបានរហូតដល់ ៣.១៥ ពាន់លានដុល្លារអាមេរិក តាមរយៈការលក់ភាគហ៊ុនដែលនឹងត្រូវកំណត់តម្លៃចុងក្រោយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ។
 
ជាមួយគ្នានេះ ក្រុមហ៊ុនធំៗ ៣ ទៀត រួមមានក្រុមហ៊ុន ឆាវចូវ ស្រ៊ី-សឺឃល (Chaozhou Three-Circle) ក្រុមហ៊ុន ណិចឈីប សឺមីខុនដាក់ទ័រ (Nexchip Semiconductor) និងក្រុមហ៊ុន គ័ងទុង ឌីថិក (Guangdong Dtech) ក៏បានប្រកាសស្វែងរកទុនរាប់ពាន់លានដុល្លារហុងកុង សម្រាប់ការផលិតគ្រឿងបង្គុំអេឡិចត្រូនិក បន្ទះឈីប និងបន្ទះសៀគ្វីផងដែរ ។
 
ដោយឡែក ក្រុមហ៊ុនតូចជាងគេគឺ រ៉ូខេ រ៉ូបូទិក គ្រុប (Rokae Robotics Group) គ្រោងប្រមូលទុនប្រហែល ៨៧៥ លានដុល្លារហុងកុង សម្រាប់ការអភិវឌ្ឍមនុស្សយន្តឧស្សាហកម្ម និងមនុស្សយន្តជំនាន់ថ្មីដែលភ្ជាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ អាយអិល (AI) ដែលកំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA | រូបភាព៖ (REUTERS/Bobby Yip/File Photo)/ The Economic Times/ Reuters/ SCMP.