ព័ត៌មានជាតិ

ACU ទទួលបានពាក្យប្តឹងចំនួនជាង ២០០ ក្នុងឆមាសទី១ ឆ្នាំ២០២៦

image

ភ្នំពេញ៖​ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលពាក្យប្ដឹងចំនួន​ ២៣៤ ក្នុងនោះពាក្យប្ដឹងអនាមិកមានចំនួនជិត៥០ នៅក្នុងឆមាសទី១​ ឆ្នាំ២០២៦។ នេះបើយោងតាមរបាយការណ៍របស់អង្គភាពប្រឆាំងអពើពុករលួយ​ ដែលបានយកមកពិភាក្សាក្នុងប្រជុំលើកទី១១ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ​ នៅរសៀលថ្ងៃទី២៩​ ខែមិថុនា ឆ្នាំ២០២៦​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់សម្ដេចកិត្តិស ង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

ក្នុងរបាយការណ៍ដែលបានអានដោយ​ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​ បានបញ្ជាក់ថា​ ក្នុងចំណោមពាក្យប្ដឹងចំនួន ២៣៤ មានពាក្យប្តឹងអនាមិកមាន ចំនួន ៤៩, ពាក្យប្តឹងចំនួន ៨ មិនពាក់ព័ន្ធអំពើពុករលួយ, ពាក្យប្តឹងចំនួន ៥៤ បានចាត់ឱ្យបំភ្លឺ, ពាក្យប្តឹងចំនួន ៩៧ ក្រោយវិភាគ-ស្រាវជ្រាវ-សុំការបំភ្លឺ មិនពាក់ព័ន្ធអំពើពុករលួយ និងកំពុងបន្តស្រាវជ្រាវ និងប្រមូលព័ត៌មានបន្ថែម ចំនួន ៦០ពាក្យប្តឹង។ រីឯការអន្តរាគមន៍ឱ្យជួយដោះស្រាយមាន ៤ពាក្យប្តឹង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ១១សំណុំរឿង។​ ចំណែកនៅក្នុងខែមិថុនា ACU ក៏បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះចំនួន ៥២ពាក្យប្ដឹង​ ផងដែរ។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ក៏បានឱ្យដឹងដែរថា គិតទាំងការប្រកាសទ្រព្រសម្បត្តិ និងបំណុលតាមរបប ២ឆ្នាំ (១៩ ៤៧២រូប) តែងតាំងថ្មី (៣៥៣រូប) លាឈប់ ចប់អាណត្តិ (៣៣៨រូប) បញ្ឈប់ពីតំណែង (១២រូប) ចូលនិវត្តន៍ (៣៣៩រូប) សរុបអ្នកបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងឆមាសទី១ ឆ្នាំ២០២៦ មាន (២០ ៥២១រូប)។ ចំណែកក្នុងខែមិថុនា មន្ដ្រីចំនួន ១៦៤រូប បានមកប្រកាសទ្រព្យសម្បត្តិ​ និងបំណុល ក្នុងនោះមន្ដ្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៤៩រូប និង ១១៥រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍​ និងចប់អាណត្តិ។

ដោយឡែកចំពោះការងារអប់រំ ផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ថា ក្នុងឆមាសទី១ ACU បានផ្សព្វផ្សាយតាមការធ្វើបទឧទ្ទេសនាមដោយផ្ទាល់ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការថ្នាក់ជាតិ ក្រោមជាតិ សិស្ស និស្សិត និងកម្មសិក្សាការី នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងគ្រឹះស្ថាន បណ្តុះបណ្តាលសាធារណៈ ចំនួន ១៤លើក ដោយមានចែកជូននូវឯកសារអប់រំ ដល់អ្នកចូលរួមចំនួន ៤ ២៦៤នាក់ ផ្សព្វផ្សាយតាមរយៈសោតទស្សន៍ ១៩ឃ្លីបវីដេអូ និងផ្ទាំងរូបភាពអប់រំ ៧៨ផ្ទាំងរូបភាព, ត្រៀមផែនការសម្រាប់យុទ្ធ នាការចុះផ្សព្វផ្សាយទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ សម្រាប់ឆ្នាំ២០២៦។

ចំពោះការងារបង្ការ និងទប់ស្កាត់អំពើពុករលួយ ក្នុងឆមាសទី១ ACU បានចូលរួមពង្រឹងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ចូលរួមកៀរគរចំណូលរដ្ឋ ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នផ្សេងៗ, ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ច សហប្រតិបត្តិការរវាង អ.ប.ព. និងក្រុមហ៊ុន Charles River Laboratories (Cambodia) ដែលនាំឱ្យចំនួនអនុស្សរណៈសរុបកើនដល់ ១០៧។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានឱ្យដឹងដែរថា ACU ចេញលិខិតព្រមាន ៧លិខិតព្រមាន, ចូលរួមសង្កេតការណ៍ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ និងការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា តាមក្រសួង-ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងការប្រឡងជ្រើសរើសឱ្យចូលសិក្សាតាមគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈចំនួន ១០លើក នៃក្រសួង-ស្ថាប័ន ចំនួន៧, បានពិនិត្យឯកសារដេញថ្លៃចំនួន ៧៤១ គម្រោង និងត្រៀមផែនការការងារសម្រាប់ចូលរួមសង្កេតការណ៍ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០២៦៕