សង្គម

គ្រឿងញៀន និងសារធាតុគីមីផ្សំ ជិត ១៥៤គីឡូក្រាម ត្រូវបានដុតកម្ទេចចោល ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានរៀបចំឡើងនៅខេត្តស្វាយរៀង

image


ស្វាយរៀង៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តស្វាយរៀង រួមជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការដុតកម្ទេចចោលនូវគ្រឿងញៀន និងសារធាតុគីមីផ្សំ ជិត ១៥៤គីឡូក្រាម ដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមានលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងលោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ថ្លែងក្នុងឱកាសនោះ លោក ប៉េង ពោធិ៍សា បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់អនុវត្តនូវសារលិខិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជា ខ្លឹមសារប្រធានបទនៅក្នុងឆ្នាំនេះ ឲ្យចេញជាសកម្មភាពពិត និងលទ្ធផលជាក់ស្តែងនៅក្នុងមូលដ្ឋាន ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ការប្រើប្រាស់ ការកែច្នៃ និងការជួញដូរគ្រឿងញៀន ខុសច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។

ជាមួយគ្នានេះ លោក បានណែនាំឱ្យបន្តផ្តោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឲ្យបានកាន់តែខ្លាំងក្លាថែមទៀតនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គោលនយោបាយភូមិ ឃុំ សង្កាត់ “ស” គ្មានគ្រឿងញៀន ជាពិសេស ការបន្តចាត់តាំងអនុវត្តគោលការណ៍ “សម្អាតផ្ទះយើង” និង “សម្អាតចកចេញពីផ្ទៃបឹង” ដែលរាជរដ្ឋាភិបាលបានកំណត់ដាក់ចេញឲ្យមានប្រសិទ្ធភាពបំផុត ។

ក្រៅពីនេះ លោក បានស្នើដល់គ្រប់អង្គភាពអនុវត្តច្បាប់ កងកម្លាំង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវមានភាពម៉ឺងម៉ាត់ច្បាស់លាស់ និងប្រើប្រាស់វិធានការក្តៅដោយគ្មានការលើកលែង ក្នុងការបង្ក្រាបបទឧក្រិដ្ឋគ្រឿងញៀន បង្ក្រាបឲ្យបានដល់មេក្លោងចែកចាយ ដើម្បីកាត់ផ្តាច់ចរន្ត ទីផ្សារ ឈានទៅលុបបំបាត់ឲ្យបាននូវឫសគល់ នៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍។ ទន្ទឹមគ្នានេះ ត្រូវពង្រឹង និងយក ចិត្តទុកដាក់ជំរុញការអនុវត្តវិធានការរដ្ឋបាលឲ្យបានសកម្មបំផុត នៅតាមទីតាំងសប្បាយភាពនានា និងទីតាំងងាយរងគ្រោះពីការប្រព្រឹត្តបទល្មើសគ្រឿងញៀន ដូចជាខារ៉ាអូខេ ក្លឹបកម្សាន្ត បន្ទប់ជួល ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសផ្ទះជួល ទីតាំងជួល ដែលមានការប្រមូលផ្តុំ មនុស្សរស់នៅច្រើន។

លោកអភិបាលខេត្ត ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបំផុសដល់ប្រជាពលរដ្ឋឲ្យចូលរួមកាន់តែសកម្មថែមទៀត ក្នុងការផ្តល់ព័ត៌មានពីក្រុមឧក្រិដ្ឋជន ដែលមានបំណងប៉ុនប៉ងលួចលាក់ផលិត កែច្នៃ និងចរាចរគ្រឿងញៀនក្នុងខេត្ត ជាពិសេសក្នុងការផ្សព្វផ្សាយ ជំរុញ និងលើកកម្ពស់ ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ដើម្បីធ្វើការរាយការណ៍។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥កន្លងទៅលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងមានសមត្ថកិច្ចបានកំណត់មុខសញ្ញា អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន និងបង្ក្រាបមុខសញ្ញាប្រើប្រាស់ រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនខុសច្បាប់ សរុបចំនួន ៣៣៥លើក ឃាត់ខ្លួនជនសង្ស័យសរុប ៧២០នាក់ ស្រី ៥៨នាក់ ក្នុងនោះជនជាតិវៀតណាម ៣៣៧នាក់, ជនជាតិចិន ១៧នាក់, ជនជាតិមីយ៉ាន់ម៉ា ១នាក់, ជនជាតិខ្មែរ ៣៦៥នាក់ ដកហូតថ្នាំញៀន និងសារធាតុគីមីផ្សំសរុបចំនួន ១៥៣,៨៧៩.៨៤ក្រាម ដែលត្រូវដុតបំផ្លាញចោលនៅថ្ងៃនេះ៕

អត្ថបទ៖ មិន ភក្តី