ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ី ត្រៀមបញ្ចេញកញ្ចប់ជំនួយសេដ្ឋកិច្ច ១,៥ពាន់លានដុល្លារ ដើម្បីទប់ទល់បញ្ហាប្រឈម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ

image

ឥណ្ឌូណេស៊ី៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ឱ្យដំណើរការនូវកញ្ចប់ថវិកាជាតិជំរុញសេដ្ឋកិច្ចដ៏ធំមួយដែលមានតម្លៃ ២៦,៣៤ ទ្រីលានរូពៀ (Rupiah) ឬប្រហែល ១,៥ ពាន់លានដុល្លារអាម៉េរិក សម្រាប់អនុវត្តក្នុងឆមាសទីពីរនាឆ្នាំនេះ ដើម្បីជួយទប់ទល់បញ្ហាប្រឈម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

 

នៅក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចថ្មីនេះ ក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ច បានសម្រេចបែងចែកទិសដៅចំបងទៅលើកម្មវិធីជំនួយស្បៀងអាហារ ដោយក្ដាប់ចំណែករហូតដល់ទៅ ៦៨ ភាគរយ នៃកញ្ចប់ថវិកាសរុប ដើម្បីធានាសន្តិសុខស្បៀង និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋដែលខ្វះខាត ។

 

យោងតាមរបាយការណ៍ឱ្យដឹងថា កម្មវិធីជំនួយសង្គមដ៏ធំធេងមួយនេះ នឹងមានការរៀបចំចែកចាយកញ្ចប់អង្ករទម្ងន់ ១០ គីឡូក្រាម ទៅដល់ដៃប្រជាពលរដ្ឋគោលដៅរហូតដល់ ៣៣ លាននាក់ ដោយចាប់ផ្ដើមអនុវត្តពីខែកក្កដាខាងមុខនេះតទៅ ដែលកម្មវិធីនេះត្រូវចំណាយថវិការហូតដល់ ១៧,៥៤ ទ្រីលានរូពៀ ។

 

បន្ថែមពីលើការចែកចាយស្បៀងអាហារ លោក អ៊ែរឡាំងហ្គា ហាថាទូ (Airlangga Hartarto) រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច បានបញ្ជាក់ថា រដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការសម្រាលការចំណាយផ្សេងទៀត រួមមានការបញ្ចុះតម្លៃលើសំបុត្រធ្វើដំណើរតាមផ្លូវអាកាស ផ្លូវដែក និងផ្លូវទឹក ព្រមទាំងការជួយចេញថ្លៃពន្ធលើតម្លៃបន្ថែម (VAT) លើសំបុត្រយន្តហោះជូនពលរដ្ឋផងដែរ ។

 

កញ្ចប់អន្តរាគមន៍ថ្មីនេះ ធ្វើឡើងបន្ទាប់ពីកាលពីត្រីមាសទីមួយនាឆ្នាំ២០២៦ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចំណាយថវិការួចជាស្រេចអស់ចំនួន ១៥ ទ្រីលានរូពៀ ទៅលើការផ្ដល់ជំនួយស្បៀង និងការជំរុញផ្នែកសារពើពន្ធក្នុងស្រុក ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រដល់ជីវភាពប្រជាជនថ្នាក់ក្រោម ។

 

តាមរយៈការបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជាបន្តបន្ទាប់នេះ ទីក្រុងហ្សាកាតា កំពុងរំពឹង និងវាយតម្លៃខ្ពស់ថានឹងអាចរុញច្រានល្បឿនកំណើនសេដ្ឋកិច្ចជាតិឱ្យកើនឡើងដល់ ៥,៤ ភាគរយ នៅក្នុងឆ្នាំនេះ ដែលជាមហិច្ឆតាខ្ពស់ជាងកម្រិតកំណើន ៥,១១ ភាគរយ កាលពីឆ្នាំមុន ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VN Express International | រូបភាព៖ VN Express International/ (AFP/Bay Ismoyo)/ (CNBC Indonesia/Chandra Dwi Pranata).