ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងកិច្ចការនារី៖ អ្នកដែលងាយរងគ្រោះ ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ភាគច្រើនស្រ្តី និងកុមារ តែងតែប្រឈមនឹងហានិភ័យខ្ពស់ ដោយសារកត្តាជីវសាស្រ្ត និងកត្តាសង្គម

image

ភ្នំពេញ៖ លោកស្រី ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា «ការប្រែប្រួលអាកាសធាតុ» ជាបញ្ហាសកល ហើយក៏បាននិងកំពុងបង្កឱ្យមានផលប៉ះពាល់ដល់យើងគ្រប់ៗគ្នា ដែលផលប៉ះពាល់នេះ មានលក្ខណៈខុសៗគ្នា ទៅលើបុរស ស្រ្តី និង ក្រុមជនងាយរងគ្រោះ។ ក្នុងនោះ អ្នកដែលងាយរងគ្រោះ ភាគច្រើនស្រ្តី និងកុមារ តែងតែប្រឈមនឹងហានិភ័យខ្ពស់ ដោយសារកត្តាជីវសាស្រ្ត និងកត្តាសង្គម-ស្ត្រី និងក្មេងស្រី តែងតែជួបប្រទះបន្ទុកកាន់តែច្រើន ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ រួមទាំងការខ្វះខាតធនធាន បន្ទុកនៃការងារថែទាំ និងការចូលរួមក្នុងកិច្ចអភិវឌ្ឍ។ 

ក្នុងន័យនេះ ការបញ្រ្ជាបយេនឌ័រនៅក្នុងរបៀបវារៈនៃការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយ គឺជាកត្តាសំខាន់ ដើម្បីធានាថា គោលនយោបាយផែនការនិងកម្មវិធីនានាអាចឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់បុរស ស្រ្តី ក្មេងប្រុស ក្មេងស្រី និងក្រុមងាយរងគ្រោះ បានយ៉ាងមានប្រសិទ្ធភាព និងបរិយាបន្ន។

លោកស្រីរដ្ឋលេខាធិការកិច្ចការនារី មានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកា និងកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីការបញ្រ្ជាបយេនឌ័រ នៅក្នុងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ។ វេទិកានេះ មានគោលបំណងយុទ្ធសាស្ត្រ លើកកម្ពស់ការយល់ដឹង ការគាំទ្រ និងការធ្វើសេចក្តីសម្រេចចិត្ត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ នៅក្នុងការប្រែប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្អែកលើអំណះអំណាងតាមបែបវិទ្យាសាស្ត្រ និងព័ត៌មានទិន្នន័យជាក់ស្តែង។

លោកស្រី ស៊ីវណ្ណ បុទុម មានប្រសាសន៍ថា ការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី គឺជាដំណើរការដែលទាមទារឱ្យមានការចូលរួមចំណែកនិងអន្តរាគមន៍ ពីគ្រប់តួអង្គទាំងអស់ ទាំងកម្រិតបុគ្គល គ្រួសារ សហគមន៍ រាជរដ្ឋាភិបាលសង្គមស៊ីវិល និងវិស័យឯកជន ដូចដែលយើងតែងតែបានដឹងហើយថា ការងារលើកកម្ពស់សមភាពយេនឌ័រ គឺជាការងាររបស់យើងទាំងអស់គ្នា ហើយការងារនេះ គឺជាបុរេលក្ខខណ្ឌដ៏សំខាន់ ក្នុងការគោរពតាមគោលការណ៍សិទ្ធិមនុស្ស ការអភិវឌ្ឍប្រកបដោយចីរភាព មានសន្តិភាពនិងសន្តិសុខ សង្គម ឆ្លើយតបតាមគោលការណ៍របស់អង្គការសហប្រជាជាតិ គោលការណ៍តំបន់ និងចក្ខុវិស័យ របស់កម្ពុជា ដោយ «មិនទុកនរណាម្នាក់ឱ្យនៅឯកោ»។

វេទិកានិងកិច្ចសន្ទនាពេលនេះ គឺបានបង្ហាញនូវសក្ខីកម្មដែលយើងកំពុងតែរួមគ្នាអនុវត្តការងារលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្រ្តី នៅក្នុងវិស័យពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ តាមរយៈការផ្តល់ឱកាសជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ អ្នករៀបចំគោលនយោបាយ និងអ្នកពាក់ព័ន្ធទាំងអស់ បានចែករំលែកនូវបទពិសោធ បញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗ ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈម ព្រមទាំងការប្តេជ្ញាចិត្តរបស់ក្រសួង ស្ថាប័ន ក្នុងការឆ្លើយតប និងធ្វើស្ថាប័នូបនីយកម្មយេនឌ័រ ក្នុងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយ ឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយជាតិ និងអន្តរជាតិនានា៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី