ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ ចាត់ទុកកិច្ចព្រមព្រៀងត្រីភាគីថាជាការវាយបកលើអ៊ីរ៉ង់ និងប្ដេជ្ញារក្សាកងទ័ពនៅលីបង់

image

អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន​ ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រកាសអបអរសាទរចំពោះកិច្ចព្រមព្រៀងក្របខ័ណ្ឌថ្មីមួយរវាង អ៊ីស្រាអ៊ែល លីបង់ និងសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៧ ខែមិថុនា។ លោកចាត់ទុកកិច្ចព្រមព្រៀងដែលធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោននេះថាជា «ការវាយបកយ៉ាងធ្ងន់ធ្ងរលើប្រទេសអ៊ីរ៉ង់» ដោយវានឹងកាត់ផ្តាច់ឥទ្ធិពលរបស់ទីក្រុងតេហ៍រ៉ង់និងក្រុមហេសបូឡាហ៍ (Hezbollah) ចេញពីអនាគតរបស់ប្រទេសលីបង់ ។
 
កិច្ចព្រមព្រៀងដែលមាន ១៤ចំណុចនេះ បានចុះហត្ថលេខាកាលពីថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលពីរដ្ឋបាលលោក ត្រាំ ដោយអនុញ្ញាតឱ្យកងទ័ពអ៊ីស្រាអ៊ែល (IDF) បន្តឈរជើងនៅក្នុងតំបន់សន្តិសុខភាគខាងត្បូងលីបង់ដដែល ដរាបណាសន្តិសុខមិនទាន់មានការធានា និងក្រុមហេសបូឡាហ៍ មិនទាន់រំសាយអាវុធ ខណៈបច្ចុប្បន្នអ៊ីស្រាអ៊ែលកំពុងគ្រប់គ្រងទឹកដីលីបង់ប្រហែល ៥ភាគរយ ។
 
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានគូសបញ្ជាក់ថា ផែនការនេះ នឹងជួយស្តារអធិបតេយ្យភាពរបស់លីបង់ និងកម្ទេចរចនាសម្ព័ន្ធភេរវកម្ម ដោយសហរដ្ឋអាម៉េរិក បានប្តេជ្ញាផ្តល់ជំនួយមនុស្សធម៌ចំនួន ១០០លានដុល្លារអាម៉េរិក ព្រមទាំងថវិកាគាំទ្រកងទ័ពជាតិលីបង់ ចំនួន ៣០លានដុល្លារអាម៉េរិកបន្ថែមទៀត ដើម្បីរៀបចំកម្លាំងចូលឈរជើង និងរក្សាសន្តិសុខឡើងវិញ ។
 
ទោះជាយ៉ាងណាក៏ដោយ ភាគីក្រុមហេសបូឡាហ៍ (Hezbollah) បានប្រកាសបដិសេធ និងទាត់ចោលកិច្ចព្រមព្រៀងត្រីភាគីនេះភ្លាមៗ ដោយព្រមានថា សកម្មភាពនេះអាចនឹងធ្វើឱ្យប៉ះពាល់ ឬបំផ្លាញដល់អនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ រវាងសហរដ្ឋអាម៉េរិក និងប្រទេសអ៊ីរ៉ង់ ក្នុងការស្វែងរកដំណោះស្រាយសន្តិភាពនៅក្នុងប្រទេសលីបង់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ (GPO / YouTube)/ washingtonpost on Microsoft Bing.