កងទ័ពអាកាសចិន-រុស្ស៊ី សហការគ្នាហោះហើរល្បាតជាយុទ្ធសាស្ត្រតាមអាកាសជាលើកទី១១ ដោយប្តេជ្ញាចិត្តរក្សាសន្តិភាពក្នុងតំបន់
ចិន៖ កងទ័ពអាកាសចិន និងរុស្ស៊ី បានសហការគ្នាធ្វើការហោះហើរល្បាតជាយុទ្ធសាស្ត្ររួមគ្នាតាមអាកាសជាលើកទី១១ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយបានហោះហើរនៅលើលំហអាកាសនៃសមុទ្រជប៉ុន សមុទ្រចិនខាងកើត និងភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក ។
ការល្បាតយុទ្ធសាស្ត្ររួមគ្នាដ៏ធំនេះ មានការចូលរួមដោយយន្តហោះទម្លាក់គ្រាប់បែកខ្នាតយក្សធុន H-6K របស់ចិន និង Tu-95MS របស់រុស្ស៊ី រួមជាមួយយន្តហោះចម្បាំងអមដំណើរជាច្រើនគ្រឿងដូចជា J-11B, J-16, Su-30MKK/MK2, J-10B, Su-30SM និង Su-35 ជាដើម ដែលបានធ្វើសមយុទ្ធហោះហើរ និងចាក់បំពេញប្រេងនៅលើអាកាសជាមួយគ្នា ។
ជុំវិញសកម្មភាពយោធានេះ ក្រសួងការពារជាតិចិន បានចេញមុខបញ្ជាក់ថា ការហោះហើរល្បាតរួមគ្នានេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់ប្រទេសទាំងពីរ ក្នុងការរួមគ្នាថែរក្សាសន្តិភាព ក៏ដូចជាស្ថិរភាពនៅក្នុងតំបន់ទាំងមូល ។
ទោះជាយ៉ាងណាក៏ដោយ សកម្មភាពល្បាតអាកាសរបស់មហាអំណាចទាំងពីរនេះ បានធ្វើឱ្យប្រទេសជិតខាងមានការប្រុងប្រយ័ត្នខ្ពស់ ដោយក្នុងនោះប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានបញ្ជូនយន្តហោះចម្បាំងហោះឡើងការពារដែនអាកាសភ្លាមៗ ខណៈដែលការល្បាតលើកទី១០ បានធ្វើឡើងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.