ក្រុមហ៊ុនជប៉ុន បង្កើតឧបករណ៍ពាក់កជំនួយការស្តាប់ ជួយសត្វឆ្កែថ្លង់ឱ្យលឺសំឡេងម្ចាស់ឡើងវិញ
ជប៉ុន៖ វិស័យបច្ចេកវិទ្យាថែទាំសត្វចិញ្ចឹមនៅក្នុងប្រទេសជប៉ុន បានឈានដល់របកគំហើញថ្មីមួយ ដោយក្រុមហ៊ុនផ្នែកសំឡេង សូលីត សូនិក (Solid Sonic Co Ltd) បានដាក់សាកល្បងឧបករណ៍ពាក់កជំនួយការស្តាប់សម្រាប់សត្វឆ្លាតវៃឈ្មោះថា វីបូន ណេហ្ស៊ូ ផេត (Vibone Nezu Pet) នៅក្នុងទីក្រុងអូសាកា (Osaka) កាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីជួយសត្វឆ្កែដែលថ្លង់ឱ្យឮសំឡេងម្ចាស់ឡើងវិញ ។
ឧបករណ៍ពាក់កប្រភេទថ្មីនេះ មានលក្ខណៈពិសេសខុសពីឧបករណ៍ជំនួយត្រចៀកមនុស្សទូទៅ ដោយវាដំណើរការដោយមិនបាច់ញាត់ចូលក្នុងរន្ធត្រចៀកសត្វឡើយ។ វាមានតួនាទីចាប់សំឡេងរបស់ម្ចាស់ រួចបំប្លែងទៅជា «រលកញ័រ» បញ្ជូនឆ្លងកាត់ឆ្អឹងកញ្ចឹងក ឆ្ពោះទៅកាន់ប្រព័ន្ធប្រសាទត្រចៀកផ្នែកខាងក្នុងរបស់សត្វឆ្កែដោយផ្ទាល់ ដែលជួយរំលងក្រដាសត្រចៀកដែលបានខូចខាតទាំងស្រុង ។
បច្ចេកវិទ្យានេះ ក៏មានដំឡើងនូវប្រព័ន្ធមីក្រូហ្វូនឆ្លាតវៃ ដែលវាមានសមត្ថភាពដំណើរការ លុះត្រាតែវាចាប់បានទម្រង់រលកសំឡេងត្រូវគ្នានឹងឈ្មោះរបស់សត្វឆ្កែ ដែលម្ចាស់បានកត់ត្រាទុកប៉ុណ្ណោះ។ ជាងនេះទៅទៀត ប្រព័ន្ធញ័រនេះ នឹងបិទទៅវិញដោយស្វ័យប្រវត្តិក្រោយរយៈពេល ២០ វិនាទី ដើម្បីការពារកុំឱ្យសត្វឆ្កែមានការហត់នឿយ ឬរំខានប្រព័ន្ធប្រសាទខ្លាំងពេក ។
លោក តាកាហ៊ីរ៉ូ គូបូ (Takahiro Kubo) នាយកប្រតិបត្តិក្រុមហ៊ុន សូលីត សូនិក (Solid Sonic) បានពន្យល់ថា ឧបករណ៍នេះ ត្រូវបានបង្កើតឡើងចំពេលមានតម្រូវការទីផ្សារខ្ពស់ ព្រោះបច្ចុប្បន្ននៅក្នុងប្រទេសជប៉ុន មានសត្វឆ្កែចិញ្ចឹមរហូតដល់ទៅ ៦.៨៤ លានក្បាល ហើយក្នុងនោះមាន ៥២ ភាគរយ ជាសត្វឆ្កែចាស់ៗ (អាយុចាប់ពី ៧ ឆ្នាំឡើង) ដោយមានឆ្កែចាស់ប្រហែល ១.០៦ លានក្បាលកំពុងជួបបញ្ហាថ្លង់ ឬខ្សោយត្រចៀក ។
ទន្ទឹមនឹងការប្រើប្រាស់ឧបករណ៍នេះ លោក ម៉ាណាប៊ូ ហាតាណាកា (Manabu Hatanaka) នាយកប្រតិបត្តិក្រុមហ៊ុនជំនាញបង្ហាត់សត្វឆ្កែ ហេដកស៍ (HeyDogs Co Ltd) បានណែនាំបន្ថែមថា ម្ចាស់សត្វត្រូវប្រើវិធីលើកទឹកចិត្ត ដោយផ្តល់នំចំណី និងពាក្យសរសើររាល់ពេលដែលសត្វឆ្កែឆ្លើយតបនឹងរលកញ័រ ដើម្បីបង្កើតជាទម្លាប់ និងជួយបង្កើនភាពជិតស្និទ្ធរវាងម្ចាស់ និងសត្វចិញ្ចឹម ។
ក្រោយការសាកល្បង ម្ចាស់សត្វចិញ្ចឹមបានបង្ហាញក្តីរំភើបយ៉ាងខ្លាំង ដោយសារតែសត្វឆ្កែចាស់ៗរបស់ពួកគេមើលទៅមានភាពស្រស់ស្រាយឡើងវិញ នៅពេលដែលពួកវាអាចស្តាប់ឮការហៅរបស់ម្ចាស់ ដែលនេះជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់លើគុណភាពជីវិតសត្វចិញ្ចឹមតាមរយៈបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.