សង្គម

ខេត្តកំពង់ស្ពឺ កំពុងត្រូវការកម្លាំងពលកម្មជាង២ម៉ឺននាក់បន្ថែមទៀត នៅតាមរោងចក្រ សហគ្រាស

image


កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាដែលកំពុងប្រឈមនឹងកង្វះការងារធ្វើ ឬជាពលករដែលទើបវិលត្រលប់មកពីប្រទេសជិតខាងឱ្យមកធ្វើការនៅក្នុងខេត្តនេះ ខណៈរោងចក្រ សហគ្រាសចំនួន ១២៧កន្លែងទៀតកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ២ម៉ឺននាក់ បន្ថែមទៀត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នមានរោងចក្រ សហគ្រាសសរុបប្រមាណជាង ១៦០០កន្លែង និងកម្មករ កម្មការិនីកំពុងបម្រើការងារប្រមាណជាង ៣៤ម៉ឺននាក់។ កំណើននៃរោងចក្រ សហគ្រាសចេះតែកើនរាល់ថ្ងៃធ្វើឱ្យប្រឈមខ្លាំងទៅ និងវិបត្តិកង្វះកម្លាំងពលកម្ម។ ជាក់ស្តែងចំពោះមុខរោងចក្រ សហគ្រាសចំនួន ១២៧កន្លែង ដែលខ្លះទើបបើកទ្វារដំណើរកំពុងមានតម្រូវការកម្លាំងពលកម្មសរុបចំនួន ២១,៤៣៩នាក់បន្ថែម។ ដូច្នេះ សិស្ស និស្សិត ដែលទើបបញ្ចប់ការសិក្សា និងពលករដែលបានវិលត្រលប់មកពីប្រទេសជិតខាងវិញ កំពុងស្វែងរកការងារធ្វើ អាចមកធ្វើការនៅក្នុងខេត្តនេះបាន ជាមួយនោះចំពោះអ្នកនៅតាមបណ្តាខេត្តដែលខ្វះមធ្យោបាយធ្វើដំណើរ និងមានចំនួនច្រើននាក់ រដ្ឋបាលខេត្តក៏ដូចជាក្រុមហ៊ុនមានមធ្យោបាយទៅទទួលដោយផ្ទាល់ដល់ទីរួមខេត្តដែលរស់នៅ។

យោងតាមការឱ្យដឹងពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ នៅចន្លោះខែឧសភា មកដល់ខែមិថុនា ឆ្នាំ២០២៦ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស គ្រឹះស្ថានបើកថ្មីចំនួន ១៥កន្លែង មានកម្មករ និយោជិតកើនឡើងចំនួន ១៤,៨១៤នាក់ ប៉ុន្តែដោយសារកំណើននៃរោងចក្រ សហគ្រាស គ្រឹះស្ថាន ធ្វើឱ្យខេត្តនៅតែខ្វះកម្លាំងពលកម្ម ២០,៤៣៩នាក់បន្ថែមទៀត សម្រាប់សប្តាហ៍នេះ។

មួយវិញទៀតនៅគ្រប់ក្រុង/ស្រុក គ្រប់ច្រកល្ហក ផ្លូវធំ ផ្លូវតូចគឺសង្កេតឃើញមានអាគាររោងចក្រ សហគ្រាសប្រមាណ ៣០០កន្លែងទៀតកំពុងដំណើរការសាងសង់ និងកំពុងរៀបចំដំណើរការច្រវ៉ាក់ផលិតកម្មរបស់ខ្លួន ដែលកំណើននៃតម្រូវការកម្លាំងពលកម្ម និងត្រូវប្រឈមបន្ថែមទៀតផងដែរ។

ចំពោះអ្នកដែលធ្វើការទាំង២នាក់ប្តីប្រពន្ធ គឺអាចរកប្រាក់ចំណូលបានក្នុងមួយខែចន្លោះពី ៦៥០ទៅ ៨០០ដុល្លារសហរដ្ឋអាមេរិក។ ចំពោះអាចជ្រើសរើសការងារតាមជំនាញដែលមាន មន្ទីរជាអ្នកសម្របសម្រួល ហើយបើចង់បានការងារធ្វើពិតប្រាកដសូមទាក់ទងទូរសព្ទឥតគិតថ្លៃលេខ(១២៩៧)ដើម្បីប្រឹក្សាជាមួយមន្ត្រីជំនាញ៕

អត្ថបទ៖ ប៊ុត សារុន