សង្គម

រដ្ឋមន្រ្តីសុខាភិបាល ណែនាំឱ្យគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ត្រូវពង្រឹងសុវត្ថិភាព នៃការព្យាបាលជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺអេពីឡឹបស៊ី ​ដើម្បីកាត់បន្ថយកម្រិតពិការភាព និងអត្រាមរណភាព

image


ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកសន្និសីទប្រសាទសាស្រ្ត លើកទី៦ របស់សមាគមគ្រូពេទ្យប្រសាទសាស្រ្តកម្ពុជា និងសមាគមកម្ពុជាប្រឆាំងជំងឺអេពីឡឹបស៊ី ក្រោមប្រធានបទ៖ «រួមគ្នា យើងអាចបង្ការពិការភាពដោយរក្សាសមត្ថភាពក្នុងមួយជីវិតរបស់យើង»។
 
លោកសាស្តា្រចារ្យរដ្ឋមន្រ្តី មានប្រសាសន៍ថា «សុខភាពខួរក្បាល គឺជាចំណែកចម្បងនៃការថែទាំសុខភាពបឋម នោះគឺ “ការការពារនិងបង្ការទុកជាមុន” កុំឱ្យទៅដល់ពិការភាព។ សុខភាពខួរក្បាលដែលល្អ នឹងកាន់តែមុតស្រួចចូលរួមអភិវឌ្ឍន៍សុខាភិបាល ដើម្បីសុខុមាលភាពទាំងអស់គ្នាបាននៅពេលដែល ”មនសិកាវិជ្ជាជីវៈ” កាន់តែមុតស្រួចថែមទៀតផង។»
 
សន្និសីទនាថ្ងៃនេះ ជាវេទិកាមួយសម្រាប់បញ្ជាក់ឱ្យឃើញថា ការការពារ​សុខភាពប្រព័ន្ធប្រសាទ គឺជាការការពារសុខភាពប្រជាជន គឺប្រៀបដូចជាការវិនិយោគទៅលើវិស័យសុខាភិបាល ស្របតាមគោលនយោបាយរប​ស់ក្រសួងសុខាភិបាល ហើយក៏ជាផ្នែកមួយនៃការកាត់បន្ថយការចំណាយលើសុខភាព និងរួមចំណែកកាត់បន្ថយការចំណាយថវិការបស់រប​ស់ប្រជាពលរដ្ឋ។ ការងាររបស់សមាគមទាំងពីរ ដែលបានរួមគ្នាធ្វើកន្លងមក គឺបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រឹងនូវសមត្ថភាពវិជ្ជាជីវៈផ្នែកប្រសាទសាស្រ្ត ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព និងសមធម៌ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។
 
ឆ្លៀតក្នុងឱកាសនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ និងការផ្ដាំផ្ញើដល់សមាគម ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខភិបាល​ ត្រូវពង្រឹង និងពង្រីកនូវវិសាលភាព នៃការបណ្ដុះបណ្ដាលបន្តផ្នែកប្រសាទសាស្ត្រ ប្រកបដោយគុណភាព និងគ្របដណ្ដប់ដល់គ្រូពេទ្យបណ្តាខេត្តទូទាំងប្រទេស និងបន្តជំរុញការចុះមូលដ្ឋានសុខាភិបាល ដោយក្តាប់ឱ្យជាប់នូវតម្រូវការចាំបាច់ ដើម្បីជួយជំរុញ និងបង្កើនគុណភាព នៃការបង្ការជំងឺមិនឆ្លង ដោយត្រូវពង្រឹងសុវត្ថិភាព នៃការព្យាបាលជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺអេពីឡឹបស៊ី ​ដើម្បីកាត់បន្ថយកម្រិតពិការភាព និងអត្រាមរណភាព។​ព្រមជាមួយនោះ ត្រូវបង្កើនសមត្ថភាព ក្នុងការស្រាវជ្រាវធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺគ្រោះថ្នាក់សរសៃ​ឈាមខួរក្បាល ជំងឺអេពីឡឹបស៊ី ឱ្យបានឆាប់រហ័ស ទាន់ពេលវេលា។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសមាគម ដែលបានខិតខំរួមចំណែកក្នុងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ដ៏ប្រសើរនាពេលកន្លងមក និងបន្តលើកកម្ពស់កិត្យានុភាពសុខាភិបាល ឱ្យកាន់តែខ្ពង់ខ្ពស់បន្ថែមទៀត និងបានអំពាវនាវ​ឱ្យ​មាន​ការ​សហការគ្នា ឱ្យបានល្អរវាងសហភាតរៈ សាម​គ្គី និងចែករំលែកនូវបទពិសោធគ្នា ក្នុងស្មារតីគោរពឱ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ចាត់ទុក «អ្នកជំងឺដូចជាសាច់ញាតិគ្រួសាររបស់យើង»៕

អត្ថបទ៖ សន ពិសិដ្ឋ​ រូបភាព៖ កែវ ភិរុណ