ព័ត៌មានជាតិ

ព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ​កម្ពុជា​ មានស្ថានភាពល្អប្រសើរវិញ ហើយនឹងយាងមាតុភូមិនិវត្ដន៍ នាដើមខែកក្កដាខាងមុខ

image

កណ្តាល៖​ ដំណឹងដ៏រីករាយជាទីបំផុត ​នៃប្រជាជនកម្ពុជា​ ដោយព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ​ នរោត្តម ​សីហមុនី ​ព្រះមហាក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា​ និងព្រះមហាក្សត្រី​ ព្រះ​វររាជ​មាតាជាតិខ្មែរ​ ទ្រង់នឹងយាងមាតុភូមិនិវត្ដន៍ មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ​ នៅថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ២០២៦​ ខាងមុខនេះ។

យោងតាមលោក​ ជា​ ធីរិទ្ធ​ អ្នកនាំពាក្យព្រឹទ្ធសភា​ បានឲ្យដឹងនៅក្នុងសន្និសិទសារព័ត៌មាន​ស្ដីពី​ លទ្ធផល​នៃដំណើរទស្សនកិច្ចមិត្ដភាពផ្លូវការ​ របស់សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា​ បានឲ្យដឹងថា​ ព្រះ​រាជសុខភាពរបស់ ព្រះកុរណា ព្រះមហាក្សត្រកម្ពុជា​ ស្ថិតក្នុងការតាមដានជាប់ជាប្រចាំ ប្រកបដោយការយកចិត្ដទុកដាក់ខ្ពស់បំផុត​ កន្លងមកទោះបីជាសម្ដេចតេជោ​ និងសម្ដេចធិបតី​ នៅក្នុងប្រទេសកម្ពុជាក៏ពិតមែនតែ​ សម្ដេច​តែងតែយកចិត្ដទុក្ខដាក់ជានិច្ច ចំពោះព្រះរាជសុខភាពរបស់ទ្រង់ទាំងទ្វេរ​ ដោយកាលពីខែមេសា​ កន្លងទៅ សម្ដេចតេជោ​ បានអញ្ជើញទៅទីក្រុងប៉េកាំងដោយផ្ទាល់ ដើម្បីសួរសុខទុក្ខ​ និងកំដរព្រះករុណាព្រះមហាក្សត្រ ក្នុងពេលទ្រង់ព្យាបាលព្រះរោគ។

ស្របពេលនៃដំណើរទស្សនកិច្ចមិត្ដភាពផ្លូវការ របស់សម្ដេចតេជោ​ ហ៊ុន​ សែន​នេះ​ សម្ដេច​ និងកូនប្រុសទាំងពីរ​ គឺលោក​ ហ៊ុន​ ម៉ានី​ និងលោក​ ហ៊ុន​ ម៉ានិត​ បានចូលក្រាបបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រកម្ពុជា​ នឹងទទួលបានដំណឹងថា ព្រះរាជសុខភាពរបស់ទ្រង់មកដល់ពេលនេះ មានស្ថានភាពល្អនិងបានវិលមករកប្រក្រតីភាពវិញហើយ​។

ទន្ទឹម​នឹងនេះ​ ព្រះកុរណាព្រះបាទសម្ដេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្ដេចព្រះមហាក្សត្រី​ ព្រះអង្គទាំងទ្វេរនឹងយាងត្រលប់មកកាន់មាតុប្រទេសវិញ​ នៅថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ២០២៦​ ខាងមុខនេះ៕

អត្ថបទ​៖​ ឈឹម​ ធីតា​ រូបភាព៖​ង៉ាន់​ សំណាង