យន្តហោះខ្នាតតូចមួយគ្រឿង ហោះបុកអគារខ្ពស់កប់ពពកនៅទីក្រុងប៉េកាំង ខណៈមូលហេតុនៅមិនទាន់ដឹងនៅឡើយ
ប៉េកាំង, ចិន៖ យន្តហោះខ្នាតតូចមួយគ្រឿង កាលពីថ្ងៃសុក្រ បានហោះទៅបុកអគារកប់ពពក ស៊ីទិក ថៅវើ (CITIC Tower) ឬ China Zun ដែលជាអគារខ្ពស់បំផុតជាង ១០០ជាន់ ប្រចាំទីក្រុងប៉េកាំង ប្រទេសចិន និងជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនរដ្ឋ CITIC Group ផងដែរ ដោយហេតុការណ៍នេះ បានបណ្តាលឱ្យមានកម្ទេចកម្ទីធ្លាក់រាយប៉ាយចុះមកខាងក្រោមតាមចំហៀងអគារ។
ផ្អែកតាមទិន្នន័យពីស្ថាប័នតាមដានជើងហោះហើរ Flightradar24 បង្ហាញថា យន្តហោះខ្នាតតូចប្រភេទ សាន់វើដ អេសអេ ៦០អិល អូរ៉ូរ៉ា (Sunward SA 60L Aurora) នេះ បានហោះហើរឡើងចេញពីព្រលានយន្តហោះមួយកន្លែង ដែលស្ថិតនៅចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ភាគខាងកើតទីក្រុងប៉េកាំង។
ប្រភពដដែល បង្ហាញដែរថា យន្តហោះនេះបានហោះសំដៅមកទិសខាងលិច ប៉ុន្តែមិនបានចូលទៅតាមគន្លងផ្លូវកំណត់ឡើយ ដោយបានបញ្ចប់ការហោះហើរនៅត្រឹមភាគខាងកើតនៃផ្លូវក្រវាត់ក្រុងទី៣ រួចក៏ស្រាប់តែហោះទៅបុកទម្លុះផ្ទាំងកញ្ចក់ជាន់ខាងលើនៃអគារខ្ពស់កប់ពពក ស៊ីទិក ថៅវើ នៅម៉ោងជិត ៦ល្ងាច (ម៉ោងនៅក្នុងស្រុកចិន)។ ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់ ឬចំនួនអ្នករងគ្រោះថ្នាក់នៅលើដីនៅឡើយទេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters/ VIORY/ Philippine Star/ Others. | រូបភាព៖ (REUTERS/Maxim Shemetov)/ Others.