សមាជិករដ្ឋសភា ឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺប្រើប្រាស់ឱ្យអស់សក្តានុពលខេត្ត ក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងអភិវឌ្ឍន៍
កំពង់ស្ពឺ៖ លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា(គណៈកម្មការទី៣) បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺឱ្យបន្តលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍បន្ថែមទៀត ដោយប្រើប្រាស់ឱ្យអស់សក្តានុពលដែលខេត្តមាន។ ការលើកទឹកចិត្តបែបនេះ ធ្វើឡើងរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ពេលដឹកនាំប្រតិភូគណកម្មាការទី៣នៃរដ្ឋសភាចុះជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរជំនាញពាក់ព័ន្ធ និងវិស័យជាសមត្ថកិច្ច ដើម្បីឈ្វេងយល់ពីការអនុវត្តតួនាទី ភារកិច្ចប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព។
លោក ឡូយ សុផាត បានលើកឡើងថា ខេត្តកំពង់ស្ពឺ ជាខេត្តមួយដែលឆ្លងកាត់ការប្រទាញប្រទង់គ្នាដោយចុងអាវុធអូសបន្លាយជាច្រើនឆ្នាំ ជាខេត្តដែលតែងតែរងការមើលងាយមើលថោក ព្រោះតែគ្មានទ្រព្យធនអភិវឌ្ឍន៍ ប្រជាពលរដ្ឋមានជីវភាពក្រីក្រ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានប្រែមុខ ប្រែមាត់ ក្លាយជាខេត្តដែលមានសក្តានុពលខ្លាំងលើផ្នែកឧស្សាហកម្ម វាយនភណ្ឌកាត់ដេរ កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ។ មិនតែប៉ុណ្ណោះ ខេត្តកំពង់ស្ពឺក៏ជាខេត្តគោលដៅនៃអ្នកវិនិយោគទុនបរទេសកំពុងសម្រុកដាក់ទុនយ៉ាងច្រើនដើម្បីវិនិយោគនៅក្នុងខេត្តនេះផងដែរ។
ជាមួយនឹងសក្តានុពលដ៏ច្រើននេះ លោក ឡូយ សុផាត បានធ្វើការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំខេត្ត ស្ថាប័ន មន្ទីរអង្គភាពទាំងអស់ដែលបានខិតខំអនុវត្តតួនាទីបានយ៉ាងល្អក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដើម្បីប្រសិទ្ធភាពការងារបន្តទៀត អាជ្ញាធរខេត្ត អង្គភាពពាក់ព័ន្ធ ត្រូវខិតខំបន្ថែមទៀត ដោយប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្តានុពលដែលខេត្តមានដើម្បីភាពរីកចម្រើននិងសំបូរសប្បាយនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោក ជាម ច័ន្ទសោភ័ណ បានលេីកឡេីងថា អាជ្ញាធរខេត្ត រួមនឹងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នឹងបន្តសាមគ្គីភាព សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហា ឆ្លើយតបទៅនឹងតម្រូវការ និងក្តីកង្វល់របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងគោលបំណងជំរុញការអភិវឌ្ឍនៅគ្រប់មូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ទន្ទឹមនោះ អាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធបានប្តេជ្ញាចិត្តក្នុងការបន្តអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការប្រើប្រាស់សក្តានុពលធម្មជាតិ និងធនធានក្នុងតំបន់ឱ្យក្លាយជាកម្លាំងជំរុញសេដ្ឋកិច្ច និងការរីកចម្រើនប្រកបដោយចីរភាពនាពេលអនាគត៕
អត្ថបទ៖ ប៊ុត សារុន