ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យនៃកម្មវិធីជាតិថែទាំភ្នែក ចុះពិនិត្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋស្រុកក្រូចឆ្មារ ដោយឥតគិតថ្លៃ

image

ត្បូងឃ្មុំ៖ ក្រុមគ្រូពេទ្យ នៃកម្មវិធីជាតិសុខភាពភ្នែក របស់ក្រសួងសុខាភិបាល បានទៅពិនិត្យព្យាបាលភ្នែក ភ្នែកកន្ទុយថ្លែន ភ្នែកឡើងបាយ ភ្នែកស្រវាំង និងជំងឺភ្នែកផ្សេងៗ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រយ:ពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដែលគិតដល់ត្រឹមថ្ងៃទី២៦ ខែមិថុនា ធ្វើការពិគ្រោះយោបល់សរុបបានចំនួន ៧២៦នាក់ (ស្រី ៥០៥នាក់) និងទទួលបានការវះកាត់ភ្នែកសរុប ៣០៦នាក់ ក្នុងនោះស្រី ២១២នាក់។

លោក ឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសិខាភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ការពិនិត្យព្យាបាលភ្នែកដោយឥតគិតថ្លៃនេះ ធ្វើឡើងក្នុងគោលបំណងជួយប្រជាពលរដ្ឋមូលដ្ឋានឱ្យទទួលបានសុខភាពភ្នែកល្អប្រសើរឆ្ពោះទៅចក្ខុវិស័យសុខាភិបាលឆ្នាំ២០៣៥។ ម្យ៉ាងវិញទៀត សុខភាពភ្នែកគឺមានសារៈសំខាន់ ព្រោះកាលណាកែវភ្នែកល្អ ប្រជាពលរដ្ឋមានឱកាសបំពេញកិច្ចការងារមុខរបរចិញ្ចឹមជីវិត និងមានជីវភាពល្អប្រសើរ សេដ្ឋកិច្ចគ្រួសារកាន់តែរីកចម្រើន។

លោកអនុប្រធានមន្ទីរបានធ្វើការអំពាវនាដល់ប្រជាពលរដ្ឋទាំងអស់ ទៅទទួលសេវាព្យាបាលភ្នែកដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ជាពិសេសពលរដ្ឋដែលមានបញ្ហាភ្នែកឡើងបាយ ភ្នែកកន្ទុយថ្លែន ភ្នែកស្រវាំងជាដើម ដើម្បីឱ្យក្រុមគ្រូពេទ្យព្យាបាលវះកាត់ដោយប្រើប្រាស់ជំនាញច្បាស់លាស់ និងឧបករណ៍ទំនើប។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យជំនាញនៃកម្មវិធីជាតិសុខភាពភ្នែករបស់ក្រសួងសុខាភិបាល ជារៀងរាល់ឆ្នាំនៅតាមមន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យរដ្ឋដែលក្រុមគ្រូពេទ្យនៃកម្មវិធីជាតិសុខភាពភ្នែករបស់ក្រសួងសុខាភិបាល តែងតែពិនិត្យ និងព្យាបាលជូនដល់ពលរដ្ឋ ហើយក្នុងឆ្នាំ២០២៦ ធ្វើឡើងក្នុងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕


ដោយ៖ សុខ ផន