សង្គម

ការនាំចេញអង្ករកម្ពុជា ទៅហ្វីលីពីន កើនឡើងខ្លាំង ក្រោមកិច្ចសហការជិតស្និទ្ធរវាងរដ្ឋមន្ត្រីកសិកម្មនៃប្រទេសទាំងពីរ

image


ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការហក់ឡើងយ៉ាងឆាប់រហ័សនៃការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន គឺជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងលោក Francisco P. Tiu Laurel Jr. រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន។

កិច្ចសហការនេះបានធ្វើឡើងតាមរយៈការសម្របសម្រួលយ៉ាងសកម្ម ដើម្បីភ្ជាប់ទំនាក់ទំនងទិញ-លក់ដោយផ្ទាល់រវាងវិស័យឯកជននៃប្រទេសទាំងពីរ។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ជោគជ័យនេះបានផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយកម្ពុជាទទួលបានឱកាសពង្រីកទីផ្សារនាំចេញអង្ករ បង្កើនចំណូល និងលើកកម្ពស់ជីវភាពប្រជាកសិករ។ ទន្ទឹមនឹងនេះ ហ្វីលីពីនក៏ទទួលបានប្រភពផ្គត់ផ្គង់អង្ករដែលមានគុណភាព និងអាចទុកចិត្តបាន ដើម្បីរួមចំណែកធានាសន្តិសុខស្បៀងសម្រាប់ប្រជាជនរបស់ខ្លួន។

យោងតាមរបាយការណ៍ USDA ដែលបានដកស្រង់ដោយសារព័ត៌មានហ្វីលីពីន បានឱ្យដឹងថា ការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន ត្រូវបានព្យាករថា នឹងកើនដល់ ២០០,០០០តោន នៅដំណាច់ឆ្នាំនេះ បើធៀបនឹងត្រឹម ៣,៥១០តោន ប៉ុណ្ណោះក្នុងឆ្នាំ២០២៥។
តាមការព្យាករនេះ ប្រទេសហ្វីលីពីន នឹងក្លាយជាទីផ្សារទទួលអង្ករកម្ពុជាប្រមាណ ២០ភាគរយ នៃបរិមាណនាំចេញអង្ករសរុបរបស់កម្ពុជា ដែលត្រូវបានប៉ាន់ប្រមាណថានឹងលើស ១លានតោន នៅឆ្នាំនេះ។

សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបញ្ជាក់ថា កំណើននៃការនាំចេញទៅកាន់ហ្វីលីពីននេះ គឺដោយសារហ្វីលីពីនបានពង្រីកបរិមាណកូតានាំចូលអង្ករ ព្រមទាំងអង្ករកិនរួចរបស់កម្ពុជាមានអត្ថប្រយោជន៍ប្រកួតប្រជែងទាំងផ្នែក តម្លៃ និងគុណភាព ដែលឆ្លើយតបនឹងតម្រូវការទីផ្សារហ្វីលីពីន៕