ក្នុងជំនួបជាមួយប្រធានាធិបតីចិន, សម្ដេចតេជោ លើកឡើងថា កម្ពុជាចាត់ទុកចិនជាមិត្ដចាស់ មិត្ដពិតប្រាកដ និងជាទីទុកចិត្ដ ខណៈភាគីទាំងពីរ ប្តេជ្ញាបន្ដគាំទ្រគ្នាលើឆាកអន្ដរជាតិ និងពង្រីកកិច្ចសហប្រតិបត្ដិការ ក្នុងក្របខណ្ឌសន្ដិសុខ និងបោសសម្អាតឧក្រិដ្ឋកម្មអនឡាញជាដើម
ប៉េកាំង៖ នៅថ្ងៃទី២នៃដំណើរទស្សនកិច្ចមិត្ដភាពផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន ពោលនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជនចិន។
យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ក្នុងជំនួបដ៏មានសារ:សំខាន់រវាងសម្ដេចតេជោ ហ៊ុន សែន និងលោក ស៊ី ជីងពីង ប្រធានាធិបតីចិន ជាកិច្ចចាប់ផ្ដើម ប្រធានាធិបតីចិន សម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ និងគណប្រតិភូជាន់ខ្ពស់កម្ពុជា ក្នុងដំណើរទស្សនកិច្ចមិត្ដភាពផ្លូវការនាទីក្រុងប៉េកាំង ក្នុងពេលនេះ។ ប្រធានាធិបតីចិន បានហៅសម្ដេចតេជោ ថាជាមិត្ដចាស់ ដែលបានរួមចំណែកសាងមិត្ដភាពទំនាក់ទំនងកម្ពុជា-ចិនឲ្យកាន់តែរឹងមាំរហូតមកដល់ពេលបច្ចុប្បន្ននេះ លោក ស៊ី ជីងពីង បានលើកឡើងថា ទំនាក់ទំនងកម្ពុជា និងចិនគឺមានភាពរឹងមាំដូចជាផ្ទាំងសិលា។
ប្រធានាធិបតីចិន ក៏បានរំលឹកពីដំណើរទស្សនកិច្ចរបស់ឯកឧត្ដមកាលពីឆ្នាំ២០២៥ កន្លងទៅមកកាន់ប្រទេសកម្ពុជា ដែលបានជំរុញកាន់តែខ្លាំងនូវទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ពិសេសការកសាងនូវសហគមនជោគវាសនារួម កម្ពុជា-ចិនក្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងនូវការអរគុណការទទួលបដិសណ្ឋារកិច្ចរបស់លោក ស៊ី ជីងពីង ចំពោះសម្ដេច និងគណប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះការលើកឡើងរបស់ប្រធានាធិបតីចិន ជុំវិញទំនាក់ទំនងកម្ពុជាចិន។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាចិន គឺជាមិត្ដដែកថែប ទោះបីជាពិភពលោកប្រែប្រួល អាកាសធាតុប្រែប្រួល តែមិត្ដភាពកម្ពុជាមិនមានការប្រែប្រួលឡើយ សម្ដេចតេជោ បន្ដថាកម្ពុជាចាត់ទុកចិនជាមិត្ដចាស់ មិត្ដពិតប្រាកដ និងជាទីទុកចិត្ដរបស់ប្រជាជនកម្ពុជា។
ក្នុងជំនួបដ៏ស្និតស្នាល ភាគីទាំងពីរបានជជែកគ្នាជុំវិញ ការពង្រីកកិច្ចសហប្រតិបត្ដិការជាមួយគ្នាទាំងក្នុងក្របខណ្ឌ សេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ ពិសេសស្នើដល់់មិត្ដចិនបន្ដគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា សម្ដេចតេជោ បានបន្ដថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចកម្ពុជា មិនអាចខ្វះបានឡើយនូវការចូលរួមរបស់ភាគីចិន។
ទន្ទឹមនឹងនោះ ភាគីទាំងពីរបានបន្ដពិភាក្សាលើការពង្រីកកិច្ចសហប្រតិបត្ដិការក្នុងក្របខណ្ឌពង្រឹងសន្ដិសុខ រវាងប្រទេសទាំងពីរការផ្លាស់ប្ដូរព័ត៌មានជាមួយគ្នា និងការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ស្របជាមួយគ្នានេះភាគីទាំងពីរក៏បានពិភាក្សាលើកិច្ចសហប្រតិបត្ដិការក្នុងក្របខណ្ឌនៃគណបក្សនៃប្រទេសទាំងពីរ ដែលក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនេះគឺមាននូវការចុះហត្ថលេខាលើអនុស្សារណនៃការយោគយល់គ្នារវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីសចិនដែលជាផ្នែកដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនងនយោបាយក្នុងក្របខណ្ឌបក្ស ការបណ្ដុះបណ្ដាលយុវជនរបស់បក្សនៃប្រទេសទាំងពីរឲ្យកាន់តែសកម្មបន្ថែមទៀត។
បន្ថែមពីនេះភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហាអន្ដរជាតិមួយចំនួនដែលបានកើតឡើងនាពេលបច្ចុប្បន្ននេះ ដែលស្ថានភាពនៃការប្រែប្រួលដ៏ឆាប់រហ័សនេះ តម្រូវឲ្យកម្ពុជាចិនពួតដៃសហការគ្នានិងគាំទ្រគ្នាទៅវិញទៅមកក្នុងឆាកអន្ដរជាតិ ។
ភាគីទាំងពីរក៏បានពិភាក្សាគ្នាជុំវិញកិច្ចសហប្រតិបត្ដិការសន្ដិសុខ ប្រធានាធិបតីចិន ស៊ី ជីងពីង បានវាយតម្លៃខ្ពស់ និងកោតសរសើរដែលកម្ពុជា បានអនុវត្ដនូវការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញនៅក្នុងប្រទេសកម្ពុជា ហើយចិននៅតែបន្ដសហការជាមួយកម្ពុជាជានិច្ច៕
អត្ថបទ៖ឈឹម ធីតា
រូបភាព៖ ផេកសម្ដេចតេជោ