រដ្ឋមន្ត្រីការបរទេសអាម៉េរិក៖ ប្រធានាធិបតី ត្រាំ អាចនឹងសម្រេចចិត្តបញ្ចប់ការលើកលែងទណ្ឌកម្មលើវិស័យប្រេងរបស់រុស្ស៊ី ក្រោយតម្លៃប្រេងសកលចាប់ផ្តើមធ្លាក់ចុះខ្លាំង
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) កាលពីថ្ងៃទី២៤ ខែមិថុនា បានបង្ហើបឱ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) អាចនឹងសម្រេចចិត្តបញ្ចប់នូវការលើកលែងទណ្ឌកម្មលើវិស័យប្រេងរបស់ប្រទេសរុស្ស៊ី នៅពេលហួសសុពលភាពកំណត់ ដោយសារតែបច្ចុប្បន្ន តម្លៃប្រេងនៅលើទីផ្សារពិភពលោកបានចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំងទៅហើយ ។
ការធ្លាក់ចុះតម្លៃប្រេងឆៅ កើតឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក សម្រេចកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងជាមួយប្រទេសអ៊ីរ៉ង់ ដែលជាកត្តាជួយដោះស្រាយបញ្ហាកង្វះខាតនៃការផ្គត់ផ្គង់ថាមពល និងធ្វើឱ្យតម្លៃប្រេងថយចុះពីកម្រិតខ្ពស់បំផុត នៅក្នុងអំឡុងមានវិបត្តិជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។
លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានរៀបរាប់ថា កាលពីមុន ទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមចេញអាជ្ញាប័ណ្ណបណ្តោះអាសន្ន ដើម្បីបើកផ្លូវឱ្យមានការធ្វើពាណិជ្ជកម្មប្រេងរបស់រុស្ស៊ីក្នុងកម្រិតកំណត់ ជុំវិញគោលបំណងជួយរក្សាស្ថិរភាពទីផ្សារ និងទប់ស្កាត់កុំឱ្យតម្លៃប្រេងឡើងថ្លៃហួសហេតុ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចសកលតែប៉ុណ្ណោះ ។
ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រដ្ឋបាលលោក ត្រាំ នឹងមិនទាន់ប្រកាសសេចក្តីសម្រេចចិត្តភ្លាមៗនោះទេ ដោយត្រូវរង់ចាំតាមដានមើលនិន្នាការទីផ្សារ និងតម្លៃប្រេងឆៅជាបន្តទៀតថា នៅមុនពេលដែលថ្ងៃឱសានវាទនៃការលើកលែងទណ្ឌកម្មខិតជិតមកដល់ តើតម្លៃប្រេងឆៅនឹងបន្តធ្លាក់ចុះថោកជាង "មុនពេលអាម៉េរិកចុះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់" ដែរឬទេ ។
ទោះបីជាកន្លងមកក្រសួងរតនាគារជាតិអាម៉េរិក បានយល់ព្រមបន្ធូរបន្ថយដៃខ្លះលើការដឹកជញ្ជូនប្រេងឆៅ និងផលិតផលប្រេងកាតមួយចំនួនរបស់រុស្ស៊ីក៏ដោយ ប៉ុន្តែវិធានការទណ្ឌកម្មសេដ្ឋកិច្ចទ្រង់ទ្រាយធំ និងការរឹតបន្តឹងទៅលើវិស័យថាមពលទាំងមូលរបស់ទីក្រុងម៉ូស្គូ នៅតែត្រូវបានរក្សាទុកដដែល ដើម្បីដាក់សម្ពាធផ្នែកហិរញ្ញវត្ថុ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (Andrey Rudakov/Bloomberg via Getty Images).