លោក ត្រាំ៖ សហរដ្ឋអាម៉េរិកនឹងយកលុយបង្កករបស់អ៊ីរ៉ង់ មកទិញកសិផលរបស់អាម៉េរិក ដើម្បីផ្គត់ផ្គង់ស្បៀងអាហារដល់ទីក្រុងតេហ៍រ៉ង់
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសជាផ្លូវការអំពីការបើកចំហទីផ្សារថ្មីដ៏ធំមួយ សម្រាប់ក្រុមអ្នកកសិករអាម៉េរិក តាមរយៈការនាំចេញកសិផលទៅកាន់ប្រទេសអ៊ីរ៉ង់ ។
ការសម្រេចចិត្តលើគោលនយោបាយពាណិជ្ជកម្មនេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក និងប្រទេសអ៊ីរ៉ង់ បានឈានដល់ការចុះកិច្ចព្រមព្រៀងការទូតជាប្រវត្តិសាស្ត្ររួមគ្នា ដែលជាការបើកទំព័រថ្មីក្នុងការដោះស្រាយទំនាស់ និងការស្តារទំនាក់ទំនងសេដ្ឋកិច្ចឡើងវិញ ។
លោក ដូណាល់ ត្រាំ បានរៀបរាប់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅក្នុងប្រទេសអ៊ីរ៉ង់ កំពុងតែជួបប្រទះនូវវិបត្តិ និងភាពលំបាកយ៉ាងខ្លាំងក្នុងការស្វែងរកស្បៀងអាហារ ដូច្នេះហើយ សហរដ្ឋអាម៉េរិកនឹងដើរតួជាអ្នកជួយផ្គត់ផ្គង់ស្បៀងអាហារទាំងនោះ ដើម្បីដោះស្រាយបញ្ហាកង្វះខាតនៅលើទីផ្សារទីក្រុងតេហ៍រ៉ង់ (Tehran)។
ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា រដ្ឋបាលរបស់លោកនឹងយកសាច់ប្រាក់មួយចំនួនរបស់ប្រទេសអ៊ីរ៉ង់ផ្ទាល់ (ដែលធ្លាប់ត្រូវបានបង្កកទុក) យកមកប្រើប្រាស់ និងចំណាយ ក្នុងការបញ្ជាទិញកសិផលសំខាន់ៗមានដូចជា ស្រូវសាលី សណ្តែកសៀង និងពោត ក្នុងបរិមាណយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រជាកសិករអាម៉េរិក ។
មេដឹកនាំអាម៉េរិករូបនេះ បានធ្វើការសន្និដ្ឋានថា ដំណើរការដោះដូរពាណិជ្ជកម្មកសិកម្មខ្នាតយក្សរវាងប្រទេសទាំងពីរ នឹងត្រូវចាប់ផ្តើមអនុវត្តឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ ដែលវានឹងជួយជំរុញសេដ្ឋកិច្ច និងលំហូរសាច់ប្រាក់យ៉ាងខ្លាំងដល់វិស័យកសិកម្មរបស់សហរដ្ឋអាម៉េរិកទាំងមូល ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (Nathan Howard/Reuters)/ (Atta Kenare/AFP)