នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន, ប្រធានក្រុមហ៊ុន CCCC ប្ដេជ្ញាបន្ដអនុវត្ដគម្រោងព្រែកជីកហ្វូណនតេជោ ឲ្យទទួលបានភាពជោគជ័យ
ប៉េកាំង៖ នៅថ្ងៃទី២នៃដំណើរទស្សនកិច្ចមិត្ដភាពផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន នៅប្រទេសចិន ពោលនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ លោក សុង ហៃឡាង( Song Hailiang ) ប្រធានក្រុមហ៊ុន China Communications Construction Company Ltd. (CCCC) ចូលជួបសម្ដែងការគួរសម។
ក្នុងជំនួប សម្ដេចក៏បានលើកទឹកចិត្ដឲ្យក្រុមហ៊ុន CCCC បន្ដយកចិត្ដទុកដាក់លើការអភិវឌ្ឍគម្រោងនានាដែលក្រុមហ៊ុនកំពុងអនុវត្ដនៅកម្ពុជា ដូចជា គម្រោងព្រែកជីកហ្វូណនតេជោ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គម្រោងផ្លូវជាតិលេខ៥០ ៥០C តភ្ជាប់ពីខេត្ដកំពង់ឆ្នាំងទៅកំពង់ធំ ដើម្បីឲ្យលេចចេញជាលទ្ធផលក្នុងប្រទេសកម្ពុជា។
យោងតាម លោក ជាធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ក្នុងជំនួប លោក សុង ហៃឡាង ប្រធានក្រុមហ៊ុន China Communications Construction Company Ltd. (CCCC) បានសម្ដែងក្ដីរីករាយដែលបានជួបជាមួយសម្ដេចតេជោ សារជាថ្មីម្ដងទៀត លោកបានចាត់ទុកសម្ដេចតេជោ ជាមេដឹកនាំដ៏ឆ្នើម ដែលតែងតែជួយគាំទ្រដល់ក្រុមហ៊ុនរបស់លោក នាពេលកន្លងមកក្នុងដំណើរការអាជីវកម្ម និងកិច្ចការពាក់ព័ន្ធទៅនិងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោក សុង ហៃឡាង បានរាយការណ៍ជូនសម្ដេចតេជោ ពីវឌ្ឍនភាពនៃក្រុមហ៊ុន របស់លោកដែលមាននៅទូទាំងពិភពលោក ជាពិសេសវឌ្ឍនភាពនៃក្រុមហ៊ុនរបស់លោកដែលមានសាខានៅក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះ មានរហូតដល់ទៅ២៣សាខា ដែលកម្មករជាង៧០% ជាជនជាតិខ្មែរ លោកបានបន្ដថា ជាង១០ឆ្នាំមកនេះ ក្រុមហ៊ុនរបស់លោក បានអនុវត្ដគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រមាណជិត៧០គម្រោងក្នុងប្រទេសកម្ពុជា នេះជាផ្នែកមួយដែលជួយដល់ការរីកចម្រើនក្នុងប្រទេសកម្ពុជា។
លោក សុង ហៃឡាង បានប្ដេជ្ញា បន្ដកសាងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា ពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត លើការកែផ្លាស់ប្ដូរទម្រង់នៃការអភិវឌ្ឍន៍បៃតង ដែលធ្លាប់បានជម្រាបជូបសម្ដេចធិបតី កាលពីពេលថ្មីៗនេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការកោតសរសើរចំពោះក្រុមហ៊ុន (CCCC) និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានាពេលកន្លងមក សម្ដេចក៏បានលើកទឹកចិត្ដឲ្យក្រុមហ៊ុន បន្ដយកចិត្ដទុកដាក់លើការអភិវឌ្ឍន៍គម្រោងនានាដែលក្រុមហ៊ុនកំពុងអនុវត្ដនៅកម្ពុជា ដូចជា គម្រោងព្រែកជីកហ្វូណនតេជោ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គម្រោងផ្លូវជាតិលេខ៥០ ៥០C តភ្ជាប់ពីខេត្ដកំពង់ឆ្នាំងទៅកំពង់ធំ ដើម្បីឲ្យលេចចេញជាលទ្ធផលក្នុងប្រទេសកម្ពុជា។
ស្របជាមួយគ្នានេះ លោក សុង ហៃឡាង ក្រោយបានស្ដាប់ការលើកឡើងរបស់សម្ដេចតេជោ លោក សុង ហៃឡាង ប្ដេជ្ញាចិត្ដក្នុងការអនុវត្ដគម្រោងដែលក្រុមហ៊ុនរបស់លោកបានចុះហត្ថលេខាជាមួយកម្ពុជានិងបន្ដគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងប្រទេសកម្ពុជាបន្ដទៀតពិសេសបេ្ដជ្ញាអនុវត្ដគម្រោងព្រែកជីកហ្វូណនតេជោ ឲ្យបានជោគជ័យ៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ផេកសម្ដេចតេជោ