ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញតំណាងរាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិធីអបអរសាទរខួបលើកទី១៥៩ នៃទិវាជាតិកាណាដា ដែលរៀបចំឡើងដោយស្ថានទូតកាណាដាប្រចាំកម្ពុជា

image

ភ្នំពេញ៖ នៅល្ងាចថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី១៥៩ នៃទិវាជាតិកាណាដា (Canada Day) នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រូយ៉ាល់។
ថ្លែងក្នុងឱកាសនោះ លោក គ្រិស្យង់ ដេរ៉ូស (Christian DesRoches) ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា បានលើកឡើងពីចំណងមិត្តភាពជាង ៧ទសវត្សរ៍ និងការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព និងការអភិវឌ្ឍរវាងប្រទេសទាំង២។ ជាក់ស្តែង ការដំឡើងកម្រិតការិយាល័យកាណាដាជាស្ថានទូតពេញលេញនៅភ្នំពេញ ឆ្លុះបញ្ចាំងពីការបង្កើនទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។
តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកស្រីបណ្ឌិតរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការសង្គម-សេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏រឹងមាំ ដោយទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ នេះ សម្រេចបានជាង ៥០០ លានដុល្លារអាមេរិក។ ស្របពេលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលឡាហ្វ្រង់កូហ្វូនីលើកទី២០ នាចុងឆ្នាំនេះ ក្រោមប្រធានបទ «ការវិនិយោគលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» លោកជំទាវបានវាយតម្លៃខ្ពស់ ចំពោះការគាំទ្ររបស់កាណាដា និងរំពឹងថានឹងមានការចូលរួមក្នុងកម្រិតជាន់ខ្ពស់ ដើម្បីរួមគ្នាជំរុញតម្លៃសន្តិភាព វប្បធម៌ចម្រុះ និងសាមគ្គីភាពក្នុងពិភពលោកនិយាយភាសាបារាំង។
គួរបញ្ជាក់ផងដែរថា កម្ពុជា និងកាណាដា មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងការលើកកម្ពស់សិទ្ធិស្ត្រី និងសហគ្រិនភាព តាំងពីឆ្នាំ២០២២ ក្នុងកំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ភាពជាដៃគូនេះ បានបន្តរីកចម្រើនយ៉ាងខ្លាំងក្លា ក្នុងការគាំទ្រតួនាទីដឹកនាំរបស់កម្ពុជាលើរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ (WPS)» និងការកសាងផែនការសកម្មភាពជាតិដំបូងបង្អស់របស់កម្ពុជាស្តីពី WPS ផងដែរ។
ក្រសួងកិច្ចការនារី អបអរសាទរខួបលើកទី១៥៩ នៃទិវាជាតិកាណាដា និងសូមជូនពរឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើន និងរឹងមាំយូរអង្វែង៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី