ព័ត៌មានជាតិ

ប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប ពិភាក្សាជាមួយអង្គការខុមហ្វ្រែល លើរបាយការណ៍សង្កេតការណ៍ការចុះឈ្មោះបោះឆ្នោត និងសវនកម្មបញ្ជីបោះឆ្នោតឆ្នាំ២០២៥

image

ភ្នំពេញ៖ លោក ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានដឹកនាំមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ជួបពិភាក្សាជាមួយតំណាង គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ដឹកនាំដោយលោក សុក សំអឿន ប្រធានគណៈកម្មាធិការនាយកអង្គការខុមហ្វ្រែល ស្តីពីរបាយការណ៍សង្ខេប «លទ្ធផលសង្កេត និងឃ្លាំមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ព្រមទាំងការធ្វើសវនកម្មបញ្ជីបោះឆ្នោតឆ្នាំ២០២៥ និងអនុសាសន៍សម្រាប់ឆ្នាំ២០២៦» កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក ហង្ស ពុទ្ធា បានស្វាគមន៍ប្រតិភូអង្គការខុមហ្វ្រែល និងថ្លែងអំណរគុណចំពោះការចូលរួមជាភាគីពាក់ព័ន្ធដ៏សំខាន់ក្នុងការសង្កេតការណ៍ដំណើរការចុះឈ្មោះបោះឆ្នោត ព្រមទាំងបានផ្តល់របាយការណ៍ជូន គ.ជ.ប ដើម្បីពិនិត្យ និងពិភាក្សា។

ជំនួបនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងពិភាក្សាលើខ្លឹមសាររបាយការណ៍ មុនពេលអង្គការខុមហ្វ្រែលប្រកាសផ្សព្វផ្សាយជាសាធារណៈនាពេលខាងមុខ។

ក្នុងបទបង្ហាញ អង្គការខុមហ្វ្រែលបានលើកឡើងពីការរកឃើញមួយចំនួនក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ដូចជា ការអនុវត្តការងាររបស់មន្ត្រីចុះឈ្មោះបោះឆ្នោត ការបិទផ្សាយប្រតិទិនការងារ ការរៀបចំសម្ភារ និងសណ្តាប់ធ្នាប់តាមការិយាល័យចុះឈ្មោះ ការចូលរួមរបស់ភាគីពាក់ព័ន្ធនៅមានកម្រិត បញ្ហាប្រឈមពីកត្តាធម្មជាតិ ការធ្វើចំណាកស្រុក កង្វះសម្ភារបច្ចេកទេស និងការរកឃើញទិន្នន័យសង្ស័យមានឈ្មោះស្ទួនជាដើម។

ជាមួយគ្នានេះ អង្គការខុមហ្វ្រែលក៏បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់ការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ រួមមាន ការបង្កើនការផ្សព្វផ្សាយអំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យបោះឆ្នោត ការពន្លឿនការលុបឈ្មោះស្ទួនដែលបានផ្ទៀងផ្ទាត់រួច ការពង្រឹងកិច្ចសហការរវាងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតថ្នាក់ខេត្ត និងអ្នកសង្កេតការណ៍ ការដោះស្រាយបញ្ហាសម្ភារ និងបរិក្ខារបច្ចេកទេស ការកាត់បន្ថយនីតិវិធីបំពេញឯកសារដោយដៃ ការបង្កើនការអប់រំអ្នកបោះឆ្នោត និងការសហការជាមួយគ្រឹះស្ថានសិក្សា និងវិស័យឯកជន ដើម្បីសម្របសម្រួលឱ្យកម្មករ និងនិស្សិតអាចមកចុះឈ្មោះបោះឆ្នោតបាន ព្រមទាំងពង្រឹងវត្តមានមន្ត្រីចុះឈ្មោះបោះឆ្នោតក្នុងម៉ោងបំពេញការងារ។

លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានរបាយការណ៍ពីអង្គការខុមហ្វ្រែល នាយកដ្ឋានជំនាញរបស់ គ.ជ.ប បានសិក្សាលម្អិតលើករណីនីមួយៗ និងវាយតម្លៃថា បញ្ហាដែលបានរកឃើញមានផលប៉ះពាល់តិចតួចប៉ុណ្ណោះ ដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ព្រមទាំងការរៀបចំបញ្ជីបោះឆ្នោត។

លោកបានបញ្ជាក់ថា បញ្ហាប្រឈមមួយចំនួនកើតចេញពីកំហុសក្នុងការអនុវត្តការងាររដ្ឋបាលរបស់មន្ត្រីចុះឈ្មោះបោះឆ្នោត និងការប្រើប្រាស់សម្ភារ បរិក្ខារបច្ចេកទេសដែលមានអាយុកាលយូរ។ ទោះជាយ៉ាងណា គ.ជ.ប កំពុងបន្តអនុវត្តវិធានការកែលម្អ និងដោះស្រាយបញ្ហាទាំងនេះជាបន្តបន្ទាប់។

ដោយឡែក ចំពោះករណីឈ្មោះស្ទួន និងទិន្នន័យសង្ស័យស្ទួន អង្គភាពជំនាញបានផ្ទៀងផ្ទាត់បន្ថែមតាមរយៈស្នាមម្រាមដៃ និងរកឃើញថា មានឈ្មោះស្ទួនចំនួន ៣៦ឈ្មោះ ស្មើនឹង ១៨នាក់ ខណៈទិន្នន័យសង្ស័យចំនួន ២២ករណីផ្សេងទៀត មិនមែនជាទិន្នន័យស្ទួននោះទេ។

លោក ហង្ស ពុទ្ធា បានបន្ថែមថា អនុសាសន៍ភាគច្រើនដែលអង្គការខុមហ្វ្រែលបានផ្តល់ជូន គឺអាចទទួលយកបាន និងស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ប ក្នុងការពិនិត្យ វាយតម្លៃ ដោះស្រាយបញ្ហា និងកែលម្អការអនុវត្តការងារបោះឆ្នោតឱ្យកាន់តែមានប្រសិទ្ធភាពជាបន្តបន្ទាប់៕

អត្ថបទ៖ វង សុភ័ក្ត្រ