សមត្ថកិច្ចអន្តោប្រវេសន៍នៃបណ្តាប្រទេសអាស៊ាន និងដៃគូ ឯកភាពគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែននានា
សៀមរាប៖ ក្រុមមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃបណ្តាប្រទេសជាសមាជិកអាស៊ាន រួមនិងប្រទេសជាដៃគូ បានឯកភាព និងគាំទ្រគ្នានៅក្នុងការខិតខំប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែននានា ដូចជា ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មគ្រឿងញៀន និងការឆរបោកតាមប្រព័ន្ធអនឡាញ ជាដេីម។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅក្រោយការបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន(DGICM) លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្ចើឡើងនៅខេត្តសៀមរាប នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។
លោក សុខ វាសនា មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំកម្រិតថ្នាក់អគ្គនាយកអន្តោប្រវេសន៍ដែលបានធ្វើឡើងនៅក្រុងសៀមរាបនាពេលនេះ ដោយមានការឯកភាពច្រើនចំណុច ក្នុងនោះមានចំណុចសំខាន់ចំនួន២ គឺការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរព័ត៌មាននានា នៅក្នុងការរួមគ្នាបន្ថែមទៀតលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆរបោកតាមប្រព័ន្ធអនឡាញ។ លើសពីនេះ បណ្តាប្រទេសជាដៃគូ ដូចជា ចិន ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង សុទ្ធតែបានគាំទ្រលើកិច្ចការនេះ។
លោក សុខ វាសនា បានបន្តថា ក្រៅពីការឯកភាពគ្នាក្នុងការប្រយុទ្ធប្រឆាំងបទល្មើស សមាជិកនៃកិច្ចប្រជុំក៏បានឯកភាពគ្នាតាមសំណើរបស់កម្ពុជា ក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តោប្រវេសន៍អាស៊ាន នៅកម្ពុជា។ លោកថា ការបង្កើតនេះ ជាមុខមាត់ថ្មីបន្ថែមទៀតរបស់កម្ពុជា។
សូមជម្រាបថា កិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន(DGICM) បានកើតឡើងអស់រយៈពេល៣០ឆ្នាំមកហើយ ក្នុងនោះកម្ពុជា បានធ្វើជាម្ចាស់ផ្ទះចំនួនបីលើក ដោយនៅឆ្នាំ២០០៥ ធ្វើឡើងនៅខេត្តសៀមរាប ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ និងឆ្នាំ២០២៦ ធ្វើនៅខេត្តសៀមរាប។
ចាប់តាំងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ DGICM បានប្រែក្លាយជាវេទិកាមួយកាន់តែមានសារៈសំខាន់ សម្រាប់ការពង្រឹងកិច្ចសន្ទនាក្នុងតំបន់ ការពិគ្រោះយោបល់ សំដៅដាក់ចេញនូវយន្តការសម្រួលដល់ការធ្វើដំណើរ និងការបង្ការទប់ស្កាត់បទល្មើសអន្តោប្រវេសន៍ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែននានា កាន់តែមានប្រសិទ្ធភាពខ្ពស់។
បេីតាមលោក សុខ វាសនា សម្រាប់រយៈពេល ៣០ឆ្នាំនេះ ចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ពិតជាមានមោទនភាព ដែលបានរួមដំណើរជាមួយប្រទេសជាសមាជិកអាស៊ាន និងដៃគូពិគ្រោះយោបល់ដទៃទៀត ក្នុងការធ្វើឱ្យសម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗជាច្រើន ដែលជាប្រយោជន៍សម្រាប់ប្រទេសជាតិរបស់យើង និងសហគមន៍អាស៊ាន ចាកផុតពីការគំរាមគំហែងនៃឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម និងបទល្មើសអន្តោប្រវេសន៍នានា។
សម្រាប់កិច្ចប្រជុំឆ្នាំនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបានកំណត់យកប្រធានបទ (Theme) ស្តីពី “ការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍ធនធានមនុស្ស ឆ្ពោះទៅកាន់តំបន់អាស៊ានដែលមានសុវត្ថិភាព និងសមាហរណកម្ម” (Digital Transformation and Human-Centric Innovation: Toward a Secure and Seamless ASEAN) ជាប្រធានបទដែលស្របនឹងបរិបទបច្ចុប្បន្ននៃការងារគ្រប់គ្រងព្រំដែន ការងារអន្តោប្រវេសន៍ និងកិច្ចការកុងស៊ុល និងជាពិសេស បទល្មើសថ្មីៗដែលកាន់តែមានលក្ខណៈស្មុគ្រស្មាញ និងដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។
បច្ចុប្បន្ន ការវិវឌ្ឍផ្នែកបច្ចេកវិទ្យា បានឈានដល់យុគ្គសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាអន្តោប្រវេសន៍ គឺជាកិច្ចការអាទិភាព ក្នុងការឆ្លើយតបទៅនឹងបរិបទថ្មីនៃចលនាបំលាស់ទីរបស់មនុស្ស ពិសេសការបំលាស់ទីដែលពាក់ព័ន្ធនឹងបទល្មើសតាមបែបបច្ចេកវិទ្យា (Cyber Crimes) និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាន (Online Scams) ដែលជាបទល្មើសថ្មីមិនប្រពៃណី ហើយកំពុងបង្កជាហានិភ័យដល់បណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ានរបស់យើង។ ផ្អែកតាមប្រធានបទខាងលើ សសរស្តម្ភសំខាន់ៗសម្រាប់ទ្រទ្រង់ដល់ការសម្រេចបាននូវចក្ខុវិស័យឆ្ពោះទៅកាន់តំបន់អាស៊ាន ដែលមានសុវត្ថិភាព និងសមាហរណកម្ម រួមមាន៖បរិវត្តកម្មឌីជីថល និងការធ្វើសមាហរណកម្មបញ្ញាសិប្បនិម្មិត (AI) ដែលយើងត្រូវជំរុញការប្រើប្រាស់ AI ដើម្បីធ្វើទំនើបកម្មនីតិវិធីអន្តោប្រវេសន៍ ចាប់ពីការសម្របសម្រួលទិដ្ឋាការ រហូតដល់ការពង្រឹងការត្រួតពិនិត្យព្រំដែន និងការគ្រប់គ្រងជនបរទេស នៅក្នុងផ្ទៃប្រទេស៕
អត្ថបទ៖ ជា ស្រស់