សង្គម

ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២ ជាមួយកម្ពុជា ដែលមានទំហំទឹកប្រាក់សរុបជាង ១៧១លានដុល្លារ

image


 
ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ដោយទទួលបានបុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយលោក SANUI Kazuma ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា (Chief Representative of JICA Cambodia Office) លើកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ០២ ដែលមានទំហំទឹកប្រាក់សរុបចំនួន ២៥.៤២៦លានយ៉េនជប៉ុន ត្រូវជាប្រមាណ ១៧១,៣លានដុល្លារអាម៉េរិក។
 
កិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ០២ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់អនុវត្តគម្រោងដូចខាងក្រោមនេះ៖
 
១. កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់ “គម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម មានទឹកប្រាក់ចំនួន ១.១៨៩លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៧,៥លានដុល្លារអាម៉េរិក។ គម្រោងនេះ មានគោលបំណងលើកកម្ពស់សមត្ថភាពរបស់គ្រូបង្រៀន ដែលបានទទួលការបណ្តុះបណ្តាលនៅវិទ្យាស្ថានគរុកោសល្យនៅក្នុងខេត្តកំពង់ចាម តាមរយៈការផ្តល់សម្ភារៈបរិក្ខារ និងឧបករណ៍អប់រំចាំបាច់នានា និងដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្រិតគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ដែលមានស្រាប់ទៅជាវិទ្យាស្ថានគរុកោសល្យ ដោយធ្វើការសាងសង់អគារថ្មីចំនួន ២ខ្នង រួមមាន អគារស្ទែម (STEM) សម្រាប់ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងអគារសាលប្រជុំ ព្រមទាំងបំពាក់ធនធានសំខាន់ៗនៅក្នុងអគារថ្មី និងនៅក្នុងអគារដែលមានស្រាប់។
 
២. កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ “គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣) មានទឹកប្រាក់ចំនួន ២៤.២៣៧លានយ៉េនជប៉ុន ត្រូវជាប្រមាណ ១៦៣,៨លានដុល្លារអាម៉េរិក។ គម្រោងនេះ មានគោលបំណងបង្កើនផលិតភាពកសិកម្ម និងកាត់បន្ថយការខូចខាតដោយសារទឹកជំនន់នៅតាមតំបន់ជនបទ និងតំបន់ដែលខ្វះខាតតាមរយៈការកែលម្អ និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រដែលមានអនុវគម្រោងចំនួន ២ រួមមាន អនុគម្រោងរលាំងជ្រៃ និងអនុ គម្រោងកណ្តាលស្ទឹង-បាទី ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, និងខេត្តកណ្តាល ដែលនឹងចូលរួម ចំណែកដល់ការលើកកម្ពស់កម្រិតជីវភាពរស់នៅផងដែរ។
 
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានថ្ងៃនេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំនិងយូរអង្វែងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន តាមរយៈការផ្តល់ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន។
 
លើសពីនេះ ជប៉ុន គឺជាដៃគូអភិវឌ្ឍន៍សំខាន់ក្នុងចំណោមដៃគូអភិវឌ្ឍន៍ធំៗរបស់កម្ពុជា បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងពី “ភាពជាដៃគូយុទ្ធសាស្ត្រ” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣។ តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន, គម្រោងសហប្រតិបត្តិការអាទិភាពថ្មីៗជាច្រើនទៀត ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងសិក្សា ក៏ដូចជាដាក់ឲ្យអនុវត្តជាបន្តបន្ទាប់។
 
សូមបញ្ជាក់ថា ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងព្រះរាជាណាចក្រកម្ពុជា, រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នឹងបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងជាមួយរាជរដ្ឋាភិបាល និងគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ឥណទានសម្បទាន និងជំនួយបច្ចេកទេសផងដែរ៕
 
អត្ថបទ៖ ចេង ឆហួត