អបអរសាទរ! verify.gov.kh របស់កម្ពុជា ឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ បន្ទាប់ពីឆ្លងកាត់ការជម្រុះ ក្នុងចំណោមប្រព័ន្ធជាង ៧០០ មកពី ៦២ប្រទេស
ហ្សកហ្ស៊ី៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសឱ្យដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ ជាសេវាសាធារណៈដែលមានតម្លាភាព និងគណនេយ្យភាព បន្ទាប់ពី ឆ្លងកាត់ការជម្រុះជាច្រើនលើក ក្នុងចំណោមប្រព័ន្ធចំនួនជាង ៧០០ មកពី ៦២ប្រទេសជុំវិញពិភពលោក។
ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនកម្ពុជានៅក្នុងវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ (United Nations Public Service Forum) ក្រោមប្រធានបទ “បរិវត្តកម្មស្ថាប័នសាធារណៈ៖ ការលើកកម្ពស់នវានុវត្តន៍ គណនេយ្យភាព ការចូលរួម និង បរិយាបន្ន” នៅទីក្រុងប៊ីលីស៊ី ប្រទេសហ្សកហ្ស៊ី។
ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.k y.gov.kh ជាថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៣ ដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំង ជំរុញបរិវត្តកម្មឌីជីថលសេវាសាធារណៈ។
ក្រោមចក្ខុវិស័យដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តែងតែយកចិត្តទុកដាក់និងខិតខំអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ដើម្បីជំរុញល្បឿនបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។ ថ្នាល verify.gov.kh ត្រូវបានធ្វើវិសិដ្ឋកម្មជាបន្តបន្ទាប់ ដែលធ្វើឱ្យថ្នាលនេះ កាន់តែមានសក្តានុពល ដោយបានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មាត្រសម្បទា មានភាពបត់បែន និងភាពធន់ផ្នែកសន្តិសុខសាយប័រ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ រហូតធ្វើឱ្យថ្នាល verify.gov.kh ត្រូវបានទទួលស្គាល់ថាជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឌីជីថលទី៤ នៅលើសកលលោក និងបាននិងកំពុងចែករំលែកជាមួយបណ្តាប្រទេសមួយចំនួនផងដែរ។
គួរបញ្ជាក់ផងដែរថា កន្លងមក ថ្នាល verify.gov.kh របស់កម្ពុជា ក៏ធ្លាប់ដណ្តើមបានមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី និងពានរង្វាន់សេវាឌីជីថលឆ្នើមនៃវេទិកាកំពូលសកលស្តីពីសង្គម ព័ត៌មានវិទ្យា លើកទី២០ នៅប្រទេសស្វីសផងដែរ។
ជោគជ័យនេះ បានបង្ហាញអំពីសមិទ្ធផលប្រកបដោយផ្លែផ្កានៃការខិតខំ ឭបង្កើតដំណោះស្រាយឌីជីថលរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីបម្រើសេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរ ដែលមានការទទួលស្គាល់ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ព្រមទាំងធ្វើឱ្យពិភពលោកបានស្គាល់ នូវស្នាដៃរបស់កូនខ្មែរ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល៕