សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូង និងផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋជាប្រចាំ
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យក្រុមការងារចលនាស្ត្រីខេត្តតាកែវ ចូលជួបសំណេះសំណាល ក្នុងឱកាសអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់អំពីរដ្ឋសភា។ គណៈប្រតិភូដឹកនាំដោយលោកស្រី និន សាផុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា។
ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះវត្តមានប្រតិភូស្ត្រីខេត្តតាកែវ និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់ក្រុមចលនាស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មទាំងក្នុងការងាររដ្ឋបាល ការងារសង្គម និងការចុះជួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋជាប្រចាំ ស្របតាមគោលការណ៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែផ្តល់អាទិភាពខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្តេចរដ្ឋសភាធិបតី ក៏បានចែករំលែកអំពីស្ថានភាពតំបន់ ពិភពលោក និងការវិវត្តនៃសង្គមជាតិ ព្រមទាំងបានលើកឡើងពីវឌ្ឍនភាព និងការអភិវឌ្ឍរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងជំរុញការកសាងភាពធន់របស់ជាតិ ពង្រឹងសាមគ្គីភាពជាតិ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនានា ទាំងក្នុង និងក្រៅប្រទេស។
សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ទោះបីកម្ពុជាកំពុងប្រឈមនឹងបញ្ហាប្រឈមជាច្រើនក្តី សេដ្ឋកិច្ចជាតិនៅតែបន្តបង្ហាញពីភាពធន់ និងរឹងមាំ ដោយកំពុងឆ្ពោះទៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ផងដែរថា ស្ត្រីកម្ពុជាត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់តួនាទីជាបន្តបន្ទាប់ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន តែងចាត់ទុកស្ត្រីជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ខណៈរាជរដ្ឋាភិបាលនីតិកាលទី៧ ក៏បានបន្តផ្តល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់សមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវឱ្យរក្សាសាមគ្គីភាពជាតិឱ្យបានរឹងមាំ ដោយបញ្ជាក់ថា «មានសាមគ្គីរស់ បែកបាក់ស្លាប់» គឺជាគោលការណ៍ដ៏សំខាន់សម្រាប់ការពារជាតិ និងរក្សាសុខសន្តិភាព។ សម្តេចបានលើកឡើងថា ថ្នាក់ដឹកនាំកម្ពុជាកំពុងបន្តប្រើប្រាស់យន្តការការទូត ច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា។
នៅចុងបញ្ចប់ សម្តេចរដ្ឋសភាធិបតី បានសំណូមពរដល់ប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តពង្រឹងសកម្មភាពមនុស្សធម៌ ការងារសង្គម និងការជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងបន្តយកចិត្តទុកដាក់ចំពោះគ្រួសារវីរយុទ្ធជន គ្រួសារកងកម្លាំងដែលកំពុងបំពេញបេសកកម្មការពារជាតិ និងប្រជាពលរដ្ឋរងផលប៉ះពាល់ពីស្ថានភាពផ្សេងៗ ដើម្បីរួមចំណែកថែរក្សាសុខដុមរមនា និងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន៕
អត្ថបទ៖ វង សុភ័ក្រ្ត