សង្គម

លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រាប់ពីវិធីស្តារវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ដោយត្រូវគិតគូរលើជំហានធំៗ៤

image


 
សៀមរាប៖​ លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) បានណែនាំដល់អ្នកពាក់ព័ន្ធឲ្យគិតគូរលើជំហានធំៗចំនួន៤ ដើម្បីស្តារវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប។
 
បើតាមលោកទេសរដ្ឋមន្ត្រី ថោង ខុន ៤ជំហានធំៗតាមខ្សែច្រវាក់តម្លៃនៃការធ្វើដំណើររបស់ភ្ញៀវទេសចរ ពីដើមខ្សែ ដល់ចុងខ្សែ រួមមាន៖ ទី១. វិធានការផ្សព្វផ្សាយឱ្យស្គាល់ និងទាក់ទាញ ដោយការកំណត់ និងទាក់ទាញទីផ្សារអាទិភាព និងទីផ្សារគោលដៅថ្មីៗ ការជំរុញការទូតទេសចរណ៍ ការកសាងទំនុកចិត្តឡើងវិញ និងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តក្នុងរដូវកាលបៃតង ដោយផ្តោតលើយុទ្ធសាស្ត្រ "តម្លៃប្រៀបធៀប"។

ទី២. បង្កលក្ខណៈងាយស្រួលក្នុងការរៀបចំដំណើរកម្សាន្ត និងការមកដល់ ដោយការដោះស្រាយបញ្ហាការតភ្ជាប់ជើងហោះហើរដែលកំពុងខ្វះខាត តាមរយៈការផ្តល់កញ្ចប់លើកទឹកចិត្តផ្នែកអាកាសចរណ៍ ការសិក្សាលទ្ធភាពបន្ថែមលើនីតិវិធីច្រកទ្វារព្រំដែន ការកែទម្រង់គោលនយោបាយទិដ្ឋាការ និងការរៀបចំកញ្ចប់ទស្សនកិច្ចតម្លៃសមរម្យ។

ទី៣. សម្រួលដល់ដំណើរកម្សាន្តក្នុងខេត្តសៀមរាបប្រកបដោយភាពកក់ក្តៅ ដែលនេះជាចំណុចស្នូលក្នុងការធ្វើពិពិធកម្មផលិតផល “លើសពីប្រាសាទ” នៅក្នុងតំបន់អាទិភាពទាំង៦, ការកាត់បន្ថយភាពធ្លុះធ្លាយសេដ្ឋកិច្ចក្នុងខ្សែច្រវាក់តម្លៃទេសចរណ៍ និងការធ្វើកំណែទម្រង់បណ្ណទស្សនាអង្គរ ដើម្បីឆ្លើយតបនឹងតម្រូវការចម្រុះរបស់ភ្ញៀវទេសចរ។
ទី៤. ដំណើរវិលត្រឡប់ទៅវិញប្រកបដោយការចងចាំល្អ ដោយការធានាសន្តិសុខ សុវត្ថិភាព អនាម័យចំណីអាហារ ទប់ស្កាត់ និងបោសសម្អាតបទល្មើស និងការឆបោក យុទ្ធនាការ “គ្មានប្លាស្ទិក” ការសម្រួលប្រព័ន្ធទូទាត់ឌីជីថលសម្រាប់ភ្ញៀវបរទេស ដើម្បីធានាថា ភ្ញៀវទេសចរទទួលបាននូវបទពិសោធល្អប្រកបដោយការចងចាំល្អ និងត្រឡប់មកវិញជាលើកទី២។
 
លោកទេសរដ្ឋមន្ត្រី ថោង ខុន ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ថា ភាពជោគជ័យនៃបេសកកម្មនេះមិនអាចសម្រេចបានដោយស្ថាប័នរដ្ឋតែឯងនោះទេ គឺទាមទារចាំបាច់នូវការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ក្រោមអភិក្រមភាពជាដៃគូ “រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍ” ដើម្បីស្រោចស្រង់ និងលើកស្ទួយខេត្តសៀមរាបឱ្យបន្តលេចធ្លោជាគោលដៅទេសចរណ៍ចម្បងបំផុតរបស់កម្ពុជាប្រកបដោយគុណភាពខ្ពស់ និងភាពធន់រឹងមាំ ស្របតាមតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ដែលបានលើកឡើងថា “ប្រើនូវកម្លាំងសរុប មធ្យោបាយសរុប ទាញឱ្យបានច្រើន ហើយដាក់ទិសដៅទាញមកសៀមរាប ព្រោះទាញមកសៀមរាប គឺទាញមកកម្ពុជាទាំងមូល”។

សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ថោង ខុន ណែនាំបែបនេះនៅក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តុះបណ្តាល "ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥" និងកិច្ចពិគ្រោះយោបល់លើការរៀបចំសេចក្តីព្រាង "វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដំណាក់កាលទី២ (២០២៦-២០២៨) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងពិធីនោះ លោកក៏បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមចំនួន ៤៥រូប មកពីអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែកទាំង៥ (តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”, តំបន់ក្រុងសៀមរាប, តំបន់ការពារប្រាសាទបន្ទាយស្រី និងតំបន់បឹងទន្លេសាប)  ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។ ការបណ្តុះបណ្តាលធនធានមនុស្សនេះ គឺជាការឆ្លើយតបយ៉ាងជិតស្និទ្ធទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលចាត់ទុក "មនុស្ស" គឺជាស្នូលនៃកិច្ចអភិវឌ្ឍន៍ ដើម្បីឱ្យមន្ត្រីជួរមុខយកចំណេះដឹងទាំងនេះទៅអនុវត្តផ្ទាល់នៅតាមគោលដៅទេសចរណ៍អាទិភាពទាំង៦តំបន់ ក្នុងខេត្តសៀមរាប៕
 
អត្ថបទ៖ ជា ស្រស់