សង្គម

ស្នងការនគរបាលខេត្តតាកែវ កំពត និងកណ្តាល ជួបពិភាក្សាជាមួយភាគីវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការការពារសន្តិសុខតាមបណ្តោយព្រំដែន

image


តាកែវ៖ ដោយទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការពារព្រំដែន» ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាទៀង ខេត្តអានយ៉ាង។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈតាមតំបន់ព្រំដែន រួមទាំងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ការជួញដូរគ្រឿងញៀន អំពើជួញដូរមនុស្ស ការរត់ពន្ធទំនិញខុសច្បាប់ ព្រមទាំងការពង្រឹងយន្តការសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយបញ្ហាប្រឈមនានាដែលអាចកើតមាននៅតាមបណ្តោយព្រំដែន។

កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ក្នុងគោលបំណងរួមគ្នាធានាឱ្យបាននូវស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរនៅតាមតំបន់ព្រំដែន ព្រមទាំងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជាប់ព្រំដែននៃប្រទេសទាំងពីរ។

តាមរយៈកិច្ចសហប្រតិបត្តិការជាប្រចាំនេះ ភាគីកម្ពុជា និងវៀតណាមបានបន្តប្តេជ្ញាពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងការសម្របសម្រួលការងារប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ និងរួមគ្នារក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែនឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕

អត្ថបទ៖ ឌិន សុខ ស៊ីថា