នាយករដ្ឋមន្ត្រីចិន ជំរុញឱ្យប្រទេសនានាឈប់បារម្ភរឿងទំនិញតម្លៃថោករបស់ចិន ហើយងាកមកសហការគ្នាដើម្បីផលប្រយោជន៍រួម
ចិន៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) កាលពីថ្ងៃពុធ បានប្រកាសទាត់ចោលយ៉ាងដាច់អហង្ការចំពោះការព្រមានរបស់លោកខាងលិច អំពីគ្រោះភ័យសេដ្ឋកិច្ចដែលគេព្រួយបារម្ភអំពីរលកនៃការវាយលុកទីផ្សារជាលើកទី២ ឬ ឆៃណាសក ២.០ (China Shock 2.0) ពីសំណាក់ទំនិញបច្ចេកវិទ្យាតម្លៃថោករបស់ចិន។ លោកបានលើកឡើងយ៉ាងដូច្នេះ អំឡុងស្ថិតនៅក្នុងឱកាសដែលលោកចូលរួមក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក សាំមើ ដាវ៉ូស (Summer Davos) នៅក្នុងទីក្រុងដាលីន (Dalian) ។
លោក លី ឈាំង (Li Qiang) សង្កត់ធ្ងន់ថា ការរីកចម្រើនយ៉ាងរហ័សរបស់ប្រទេសចិន នៅក្នុងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ គួរតែត្រូវបានចាត់ទុកថាជាឱកាសមាសសម្រាប់ការអភិវឌ្ឍ មិនមែនជាការគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ប្រទេសដទៃនោះឡើយ ហើយលោកបានរិះគន់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កការភ័យខ្លាចដល់វិនិយោគិន ។
ពាក្យថា «ឆៃណាសក ២.០ (China Shock 2.0)» នេះ គឺសំដៅទៅលើក្ដីព្រួយបារម្ភរបស់បណ្តាប្រទេសសេដ្ឋកិច្ចធំៗថា ការហូរចូលនៃទំនិញតម្លៃថោករបស់ចិន ជាពិសេសគឺរថយន្តអគ្គិសនី និងគ្រឿងចក្រកម្រិតខ្ពស់ អាចនឹងទៅបំផ្លាញឧស្សាហកម្ម និងដណ្តើមការងារក្នុងស្រុករបស់ពួកគេ ដូចដែលធ្លាប់បានកើតឡើងកាលពីដើមទសវត្សរ៍ ឆ្នាំ២០០០ ។
ដើម្បីឆ្លើយតបនឹងក្ដីព្រួយបារម្ភនេះ មេដឹកនាំចិនរូបនេះ បានលើកឡើងនូវយុទ្ធសាស្ត្រ «ឱកាសរបស់ចិនដំណាក់កាលទី២» ឬ "ឆៃណា អុបភើឈូនីធី ២.០ (China Opportunity 2.0)" ដោយលោកបានពន្យល់ថា ផលិតផលបច្ចេកវិទ្យាថ្មីៗរបស់ចិន នឹងជួយសម្រួលដល់ការរស់នៅរបស់មនុស្សជាតិ និងជួយជំរុញដល់កំណើនសេដ្ឋកិច្ចសកលលោកឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត ។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ទីក្រុងប៉េកាំង នៅតែបន្តប្តេជ្ញាចិត្តបើកចំហទីផ្សារ និងសម្របសម្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុនបរទេសទាំងអស់ ហើយលោកបានជំរុញឱ្យក្រុមថ្នាក់ដឹកនាំជាង ១,៧០០ រូប មកពីជាង ៩០ ប្រទេស ដែលកំពុងចូលរួមក្នុងកិច្ចប្រជុំចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ងាកមកសហការគ្នាជាធ្លុងមួយ ដើម្បីបង្កើតពិភពលោកដ៏ប្រសើរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.