លោក គីម ជុងអ៊ុន បញ្ជាឱ្យផលិតនាវាប្រយុទ្ធខ្នាតយក្ស ២គ្រឿងក្នុងមួយឆ្នាំ ក្នុងរយៈពេល៥ឆ្នាំខាងមុខ
កូរ៉េខាងជើង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការនាវាប្រយុទ្ធខ្នាតធំធុនថ្មីទម្ងន់ ៥,០០០ តោន ឈ្មោះថា ឆូ យ៉ន (Choe Hyon) នៅកំពង់ផែណាំភូ (Nampho) ព្រមទាំងបានប្រកាសពីផែនការយុទ្ធសាស្ត្រក្នុងការសម្ពោធនាវាចម្បាំងខ្នាតយក្សទម្ងន់ ១០,០០០ តោន «ជាបន្តបន្ទាប់» នាពេលឆាប់ៗខាងមុខ ។
លោក គីម ជុងអ៊ុន បានថ្លែងសុន្ទរកថាយ៉ាងដាច់អហង្ការថា វត្តមាននៃនាវាចម្បាំងជំនាន់ថ្មីទាំងនេះ នឹងបង្កើតជាព្យុះសង្គ្រាមដំបូងគេដើម្បីវាយកម្ទេចសត្រូវ និងធ្វើឱ្យពួកគេធ្លាក់ក្នុងក្តីភ័យខ្លាចជាទីបំផុត ខណៈដែលលោកបានបញ្ជាឱ្យវិស័យការពារជាតិកូរ៉េខាងជើង ត្រូវតែផលិតនាវាប្រយុទ្ធលើផ្ទៃទឹកខ្នាតធំឱ្យបានចំនួន ២ គ្រឿងក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ។
យោងតាមប្រភពព័ត៌មាន នាវាចម្បាំង ឆូ យ៉ន (Choe Hyon) បំពាក់ដោយបច្ចេកវិទ្យាយោធាទំនើបៗ រួមមានប្រព័ន្ធមីស៊ីលការពារដែនអាកាស មីស៊ីលប្រឆាំងនាវា ព្រមទាំងមីស៊ីលគ្រូស (Cruise Missile) និងមីស៊ីលបាលីស្ទីក (Ballistic Missiles) ដែលមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបាន ដែលនេះ គឺជាការផ្លាស់ប្តូរមុខមាត់កងទ័ពជើងទឹកកូរ៉េខាងជើង ឱ្យទៅជាកម្លាំងវាយប្រហារយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយនៅលើលម្ហសមុទ្រ ។
ទោះជាយ៉ាងណាក៏ដោយ បណ្តាមន្ត្រីមកពីប្រទេសកូរ៉េខាងត្បូង និងក្រុមអ្នកវិភាគអន្តរជាតិ បានសម្តែងនូវមន្ទិលសង្ស័យ និងដាក់សំណួរថា តើនាវាចម្បាំងស៊េរីថ្មីទាំងនេះ សមត្ថភាពត្រៀមខ្លួនប្រយុទ្ធកម្រិតណាសម្រាប់ការបំពេញប្រតិបត្តិការសឹកជាក់ស្តែង ខណៈដែលទីក្រុងព្យុងយ៉ាង បានអះអាងក្តែងៗថា កម្មវិធីអភិវឌ្ឍន៍ និងបំពាក់អាវុធនុយក្លេអ៊ែរសម្រាប់កងទ័ពជើងទឹករបស់ខ្លួន កំពុងតែជោគជ័យទៅមុខយ៉ាងរលូនតាមផែនការមេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.