ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាម៉េរិក ជំរុញឱ្យនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី បើកការខួងប្រេងនៅសមុទ្រខាងជើងឡើងវិញ

image

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតិអាម៉េរិក ដូណាល់ ត្រាំ (Donald Trump) បានរិះគន់ក្នុងសម្ដីមួយដ៏ធ្ងន់ទៅលើស្ថានភាពសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស ដោយលោកបានប្រើពាក្យធ្ងន់ៗថា ប្រទេសមួយនេះកំពុងតែដកដង្ហើមធំ ឬជិតដាច់ខ្យល់ទៅហើយ ព្រោះតែការបិទចោលនូវតំបន់ថាមពលដ៏សំខាន់របស់ខ្លួន ។
 
លោក ដូណាល់ ត្រាំ បានផ្តល់ការណែនាំថា នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសដែលត្រៀមឡើងបន្តវេន គឺលោក អេនឌី ប៊ើនហាំ (Andy Burnham) គួរតែសម្រេចចិត្តបើកតំបន់សមុទ្រខាងជើង (North Sea) ឡើងវិញជាបន្ទាន់ ដើម្បីអនុញ្ញាតឱ្យមានការខួងយកប្រេងឆៅ ព្រោះវាជាវិធីសាស្ត្រដ៏ងាយស្រួលបំផុតក្នុងការស្តារសេដ្ឋកិច្ចជាតិសារជាថ្មី ។
 
ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំអាម៉េរិករូបនេះ បានបង្ហាញក្ដីព្រួយបារម្ភថា នាយករដ្ឋមន្ត្រីថ្មី លោក អេនឌី ប៊ើនហាំ (Andy Burnham) គឺជាមនុស្សមានគំនិតសេរីនិយមជ្រុល ដែលអាចនឹងបន្តបដិសេធមិនព្រមបើកតំបន់ប្រេងកាតយុទ្ធសាស្ត្រនេះឡើងវិញ ដូចទៅនឹងអតីតនាយករដ្ឋមន្ត្រី លោក គែរ ស្តាម័រ (Keir Starmer) ដែលមិនព្រមធ្វើតាមដំបូន្មានរបស់លោកកន្លងមកនោះដែរ ។
 
លោក ត្រាំ បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ដោយលើកឡើងថា តំបន់សមុទ្រខាងជើង សម្បូរទៅដោយប្រេងកាតយ៉ាងមហាសាល ប៉ុន្តែអង់គ្លេសបែរជាបិទចោលនូវរាល់គម្រោងខួងប្រេង អាជីវកម្មប្រេងកាត និងផ្អាកដំណើរការអណ្តូងប្រេងធំៗនៅក្នុងទីក្រុងអាប៊ើឌីន (Aberdeen) ដែលជាទីក្រុងប្រេងកាតដ៏ល្បីល្បាញ ហើយសុខចិត្តចំណាយលុយយ៉ាងច្រើនលើសលប់ទៅទិញប្រេងពីប្រទេសន័រវែស មកប្រើប្រាស់ទៅវិញ ។
 
លោកប្រៀបធៀបថា ខណៈដែលចក្រភពអង់គ្លេស កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ប្រទេសជិតខាងដូចជាន័រវែស បែរជាមានលុយសន្សំក្នុងធនាគាររហូតដល់ទៅ ២ ទ្រីលានដុល្លារ ដោយសារតែការទាញយកផលប្រយោជន៍ពីប្រេងនៅសមុទ្រខាងជើង ដូច្នេះលោកជឿជាក់ថា មានក្រុមហ៊ុនប្រេងអន្តរជាតិជាច្រើនកំពុងរង់ចាំឱកាសចូលទៅខួងប្រេងនៅទីនោះ ប្រសិនបើអង់គ្លេសបើកផ្លូវឱ្យ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.