លោក ទីវ តារារិទ្ធ ចំណាយពេល២ឆ្នាំ ជិះកង់ចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រ ជំវិញពិភពលោក រៃអង្គាសថវិកាបានជាង ២០ម៉ឺនដុល្លារ ជួយមូលនិធិគន្ធបុប្ផាកម្ពុជា
ភ្នំពេញ៖ លោក ទីវ តារារិទ្ធ ជាប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ បានចំណាយពេល ២ឆ្នាំ ក្នុងការជិះកង់ឆ្លងទ្វីបចម្ងាយ ៥៧,០០០គីឡូម៉ែត្រ រយៈពេល ៧៣០ថ្ងៃ ដែលបានប្រឈមនឹងគ្រោះថ្នាក់ និងឧបសគ្គជាច្រើន ធ្វើការរៃអង្គាសថវិកាបានជាង ២១ម៉ឺនដុល្លារ ជួយមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។
អ្នកជិះកង់ចម្ងាយឆ្ងាយរូបនេះ បានចាប់ផ្ដើមចេញដំណើរកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ចេញពីមន្ទីរពេទ្យកុមារអង្គរ ហើយឆ្លងកាត់ប្រទេសនៅទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្រ្វិកខាងត្បូង សរុប៤០ប្រទេស និងបានត្រលប់មកដល់រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។ លោកនឹងបន្តដំណើរជិះកង់របស់លោកទៅកាន់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបនៅថ្ងៃទី២៧ ខែមិថុនា ដើម្បីបិទបញ្ចប់បេសកម្មរបស់លោក និងរំពឹងថា អាចប្រមូលថវិកាបានគ្រប់ចំនួន ២៥ម៉ឺនដុល្លារ តាមបំណងប្រាថ្នា។
លោក ទីវ តារារិទ្ធិ ក្នុងការធ្វើបទសម្ភាសន៍មួយជាមួយក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងដំណើរផ្សងព្រេងជិះកង់ដោយប្រើកម្លាំងលើផ្លូវដ៏វែងឆ្ងាយនេះ លោកបានឆ្លងកាត់អាកាសធាតុអាក្រក់ និងជួបប្រទះស្ថានភាពអាក្រក់ជាច្រើនស្ទើរតែបាត់បង់ជីវិត ក្នុងនោះបានប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលធ្វើដំណើរនៅលើផ្លូវដែលមានរថយន្តបើកក្នុងល្បឿនលឿន ជួបប្រទះអាកាសធាតុត្រជាក់ខ្លាំងរហូតដល់ (-៤០អង្សារ) ការធ្វើដំណើរឆ្លងកាត់តំបន់កងទ័ពតាលីបង់ ដែលមិនគោរពច្បាប់ ក្នុងប្រទេសអាហ្គានីស្ថាន និងបានជួបប្រទះសត្វព្រៃកាចសាហាវ ជាដើម។
ក្នុងបេសកកម្មជិះកង់ផ្សងព្រេងនេះ លោក ទីវ តារា ត្រូវបានបញ្ចប់ដោយមិនអាចរកថវិកាបានគ្រប់ ២៥ម៉ឺនដុល្លារ តាមផែនការលោកកំណត់មុនពេលធ្វើដំណើរឡើយ ដោយរៃអង្គាសប្រាក់បានតែជាង ២១ម៉ឺនដុល្លារប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក៏ដោយអ្នកជិះកង់រូបនេះ បង្ហាញក្តីរំពឹងថា លោកនឹងរៃអង្គាសថវិកាឱ្យគ្រប់ ដែលនឹងបន្តជិះកង់ពីរាជធានីភ្នំពេញ ទៅខែត្តសៀមរាប ដើម្បីរៃអង្គាសថវិកាឱ្យគ្រប់តាមការកំណត់។ ប៉ុន្តែទន្ទឹមនឹងលោកគ្រោងបន្តបេសកកម្មជិះកង់ទៅខេត្តសៀមរាបនេះ លោកក៏ស្រាប់តែទទួលដំណឹងថា មានក្រុមហ៊ុនភេសជ្ជៈមួយប្រកាសឧបត្ថម្ភប្រាក់ចំនួន ៣ម៉ឺន ៥ពាន់ដុល្លារ ដើម្បីបង្គ្រប់ ២៥ម៉ឺនដុល្លារ តាមផែនការរបស់លោក។
ទាក់ទងនឹងការជិះកង់ជំវិញពិភាពលោកនេះ លោក តារារិទ្ធិ ក៏គ្រោងផលិតជាភាពយន្តឯកសារ សរសេរសៀវភៅអំពីរឿងរ៉ាវអនុស្សាវរីយ៍ បទពិសោធន៍ល្វីង ជូរចត់ ការប្រឈមគ្រោះថ្នាក់ស្ទើរតែបាត់បង់ជីវិត កើតចេញពីការជិះកង់រយៈពេល២ឆ្នាំនេះ រួចបោះពុម្ពដើម្បីរកប្រាក់បរិច្ចាគជូនមន្ទីរពេទ្យព្យាបាលកុមារបន្តទៀត។ ទន្ទឹមនេះ លោកក៏ អំពាវនាវយុវជនកម្ពុជាត្រូវចេះទាញប្រយោជន៍ពីអ្វីដែលខ្លួនស្រឡាញ់ចូលចិត្ត បង្កើតជាប្រយោជន៍រួមសម្រាប់សង្គម ដូចជា បង្កើតព្រឹត្តិការណ៍រៃអង្គាសជួយដល់កុមារកម្ពុជាកំពុងត្រូវការសង្គ្រោះជីវិតនៅតាមមន្ទីរពេទ្យ ជាជាងយកពេលវេលាទៅបង្កើតមាតិការបំពុលសង្គម។
លោក តារារិទ្ធិ បន្ទាប់ពីបានត្រលប់មកដល់រាជធានីភ្នំពេញ មូលនិធិគន្ធបុប្ផាកម្ពុជាក៏បានអរគុណដល់ក្រុមគ្រួសាររបស់លោកដែលបានអនុញ្ញាតឱ្យកូនប្រុសតែមួយគត់នៅក្នុងគ្រួសារជិះកង់រៃអង្គាសថវិកាដើម្បីសង្គ្រោះជីវិតកុមារនៅកម្ពុជា។
លោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ លោក ទីវ តារារិទ្ធ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ជិះកង់ធ្វើដំណើរឆ្លងកាត់ប្រទេសចំនួន ៤០ប្រទេស ដើម្បីកៀរគរថវិកាជួយដល់កុមារកម្ពុជា។ លោកក៏បានអំពាវនាវដល់យុវជនកម្ពុជា ឱ្យយកគំរូតាម លោក ទីវ តារារិទ្ធ រួមគ្នាបង្កើតកម្មវិធីកៀរគថវិកាសង្គ្រោះកុមារកម្ពុជាដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ។
លោក ឃាន តួក ចាត់ទុកបេសកកម្មជិះកង់រៃអង្គាសប្រាក់សង្គ្រោះជីវិតកុមារកម្ពុជារបស់ លោក ទីវ តារារិទ្ធ ពិតជាមានសារៈសំខាន់ខ្លាំងក្នុងការធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្ត្រីនៅកម្ពុជា៕