ព័ត៌មានជាតិ

ស្ថានទូតម៉ាឡេស៊ី បន្តលើកកម្ពស់ការទូតកីឡា តាមរយៈការរៀបចំប្រកួតបាល់ទាត់ពានរង្វាន់ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ឆ្នាំ២០២៦

image

ភ្នំពេញ៖ ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានរៀបចំចាប់ឆ្នោត និងប្រជុំបច្ចេកទេស សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលើកទី២ ឆ្នាំ២០២៦ (Malaysian Ambassador’s Football Shield 2026) នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមានលោកស្រី Nur Herzazzila Ghazali តំណាងលោក Shaharuddin Bin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា ព្រមទាំងអ្នកតំណាងក្រុមបាល់ទាត់ទាំង ២៤ក្រុម។ ការប្រកួតគ្រោង នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកស្រី Nur Herzazzila Ghazali បានថ្លែងអំណរគុណចំពោះក្រុមកីឡាទាំងអស់ ដែលបានបន្តគាំទ្រការប្រកួត Football Shield 2026 និងបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពរស់រវើក និងជោគជ័យ។

លោកស្រីបានបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី មិនត្រឹមតែជាកម្មវិធីកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការកសាងមិត្តភាព និងពង្រឹងទំនាក់ទំនងរវាងសហគមន៍ផ្សេងៗ តាមរយៈការទូតកីឡា។ បន្ទាប់ពីទទួលបានជោគជ័យពីការប្រកួតលើកដំបូងកាលពីឆ្នាំ២០២៤ ស្ថានទូតម៉ាឡេស៊ីបានបន្តរៀបចំព្រឹត្តិការណ៍នេះឡើងវិញ ដោយសារជឿជាក់ថា កីឡាបាល់ទាត់ជាភាសារួមមួយដែលអាចភ្ជាប់មនុស្សគ្រប់វប្បធម៌ និងគ្រប់មជ្ឈដ្ឋានឱ្យកាន់តែជិតស្និទ្ធនឹងគ្នា។

សម្រាប់ការប្រកួតឆ្នាំ២០២៦នេះ មានក្រុមបាល់ទាត់ចូលរួមសរុបចំនួន ២៤ ក្រុម ដែលត្រូវបានបែងចែកជា ៤ ពូល ដោយក្នុងពូលនីមួយៗមាន ៦ ក្រុម។

ស្ថានទូតម៉ាឡេស៊ី រំពឹងថា ការប្រកួតនឹងប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយសាមគ្គីភាព មិត្តភាព និងស្មារតីកីឡា ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែរឹងមាំថែមទៀត៕