សម្តេចបវរធិបតី ណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត កម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថ ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋាន
អត្ថបទ៖ ហ៊ន សុភ័ក្រ
————
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ជាពិសេសកម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថ ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋាន ដោយប្រើប្រាស់ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ សំដៅធ្វើយ៉ាងណាលុបបំបាត់ទាំងស្រុង ការចែកចាយនិងការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ និងត្រូវមានភាពបុរេសកម្ម ឆ្លើយតបដោះស្រាយទាន់ពេលរាល់បណ្ដឹងនិងការរាយការណ៍ពាក់ព័ន្ធករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនពីសំណាក់ប្រជាពលរដ្ឋ។ នេះបើយោងតាមសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានចេញផ្សាយនាថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៦នេះ។
សម្តេចធិបតី ក៏បានអំពាវនាវជំរុញពលរដ្ឋក្នុងសហគមន៍ទាំងអស់ បន្តធ្វើជាស្ពានតភ្ជាប់ជាមួយសមត្ថកិច្ច ក្នុងការរាយការណ៍រាល់ បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ តាមរយៈកម្មវិធីទូរស័ព្ទដៃ App NoDrug និងប្រព័ន្ធ Hotline ដើម្បីយកបញ្ហានេះ ចេញពីសហគមន៍ និងឈានទៅសម្អាតភូមិឃុំសង្កាត់របស់ខ្លួនឱ្យក្លាយជាភូមិឃុំសង្កាត់សគ្មានគ្រឿងញៀន។ ចំណែក រាល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាចំណុះក្រសួង ស្ថាប័ន ទាំងអស់ ត្រូវបន្តភាពស្អាតស្អំ និងភាពជាគំរូនៃការអនុវត្តច្បាប់របស់ខ្លួន ដោយត្រូវជៀសដាច់ខាតពីការប្រើប្រាស់ និងការពាក់ព័ន្ធទៅនឹងគ្រឿងញៀននិងសារធាតុញៀនខុសច្បាប់នានា ដោយគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិទាំងអស់ ត្រូវបន្តអនុវត្តបទបញ្ជាលេខ០១ បប និងបទបញ្ជាលេខ០២ បប «គោលការណ៍សម្អាតផ្ទះ» និង «សម្អាតចកចេញពីបឹង»។ គ្រប់វិស័យទាំងរដ្ឋ និងឯកជន ត្រូវខិតខំបញ្ជាខ្លឹមសារអប់រំប្រយុទ្ធប្រឆាំងគ្រឿងញៀន ទៅតាមស្ថាប័ន អង្គភាព និងសហគ្រាសរៀងៗខ្លួន នៅតាមគ្រប់កម្មវិធី វេទិកា រូបភាព ទម្រង់ និងមធ្យោបាយនានា ជាពិសេស ព្រឹត្តិការណ៍ដែលមានការចាប់អារម្មណ៍ពីមហាជនច្រើន ដូចជា សិល្បៈ វប្បធម៌ កីឡា និងសាសនា ជាដើម។
សម្តេចធិបតី ក៏បានរំលេចដែរថា “កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងចលនាជាតិចូលរួមយ៉ាងធំធេងពីសំណាក់ បងប្អូនជនរួមជាតិទាំងអស់ បានស្តែងឱ្យឃើញតាមរយៈរបាយការណ៍នាឆ្នាំកន្លងទៅ ដែលក្នុង ចំណោមតួលេខគ្រឿងញៀនឆ្លងកាត់ប្រទេសកម្ពុជា គឺមានតែប្រមាណ ១៥ទៅ២០% ប៉ុណ្ណោះ ត្រូវបានប៉ុនប៉ង ជួញដូរ និងចរាចរក្នុងប្រទេស ចំណែកឯ ៨០ទៅ៨៥%ទៀត ត្រូវបានចរាចរក្នុងគោលដៅបញ្ជូនទៅប្រទេសទី៣៕