ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ កម្ពុជា បង្ហាញពីសមិទ្ធផល និងសក្ដានុពលថ្នាល verify.gov.kh នៅវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ
ប៊ីលីស៊ី៖ ក្នុងឱកាសចូលរួមវេទិកាសេវាសាធារណៈរបស់ អង្គការសហប្រជាជាតិ ឆ្នាំ ២០២៦ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ បានចូលរួមជំនួប ទ្វេភាគីនិងពិភាក្សា ការងារ ជាមួយ (១) លោក Faquir Mahbub Anam រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាននៃប្រទេស បង់ក្លាដេស (២) លោកស្រី Tashi Pem ប្រធាន រាជគណៈកម្មការ មុខងារសាធារណៈនៃ ប្រទេសប៊ុយតង់ និង (៣) លោក Patrick Duong ប្រធាន សាកលផ្នែកអភិបាលកិច្ចសម្រាប់ ធនធានសាធារណៈនិង សេវាសាធារណៈ នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP Governance for Public Goods and Services)។
ក្នុង ជំនួបជាមួយ លោក Faquir Anam លោករដ្ឋមន្ត្រីទាំងពីររូប បានពិភាក្សាអំពីវឌ្ឍនភាពការងារ នៃសំណើរបស់ប្រទេស បង់ក្លាដេស ក្នុងការដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov នៅប្រទេសបង់ក្លាដេស និងការផ្សព្វផ្សាយ បន្តនៅតំបន់អាស៊ីខាងត្បូង។
ក្នុងជំនួបជាមួយ លោកស្រី Tashi Pem លោក រដ្ឋមន្ត្រី ក៏បានចែករំលែកអំពីបទពិសោធ ជោគជ័យនៃការដាក់ឱ្យប្រើថ្នាល verify.gov.kh ហើយ លោករដ្ឋមន្ត្រី និង លោកស្រី បានដោះដូរយោបល់យ៉ាងស៊ីជម្រៅ អំពីបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈនៃប្រទេសទាំងពីរ និងបាន ឯកភាពគ្នា ក្នុងការពិនិត្យលទ្ធភាពសហការ។
ក្នុងកិច្ចប្រជុំជាមួយ UNDP វិញ គណៈប្រតិភូ ក្រសួង បានណែនាំឱ្យក្រុមការងារ GPGS របស់ UNDP បានស្គាល់អំពីបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ជាពិសេស សមិទ្ធផលទាំងកម្រិតជាតិ និង អន្តរជាតិនៃថ្នាល verify.gov.kh ។ ភាគីទាំង ពីរ បានឯកភាពសិក្សាបន្ត ដើម្បីស្វែងរកឱកាសសហការផ្ទាល់ពាក់ព័ន្ធ នឹងថ្នាល verify.gov.kh និងការកសាងសមត្ថភាព បរិវត្តកម្មឌីជីថល។
ក្នុងឱកាសវេទិកាសេវាសាធារណៈនេះដែរ លោក ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាល ឌីជីថល បានចូលរួមជាវាគ្មិន ក្នុងសិក្ខាសាលាចំនួនពីរលើប្រធានបទ “សេវាសាធារណៈឆ្លាតវៃ ៖ កាត់បន្ថយភាពស្មុគស្មាញ” និង ប្រធាន បទ “ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលសម្រាប់សេវា សាធារណៈ”។
ក្នុងសិក្ខាសាលាទាំងពីរនេះ លោកអគ្គលេខាធិការ បានពន្យល់អំពីសមិទ្ធផល និង សក្ដានុពលនៃថ្នាល verify.gov.kh និងកម្មវិធីទូរសព្ទ DG SuperApp ក្នុងការបម្រើ សេវាសាធារណៈឱ្យមានភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងមានបរិយាបន្ន ចំពោះប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
គម្រោង បរិវត្តកម្មឌីជីថល ទាំងនេះ ជាការ បំពេញភារកិច្ចរបស់ក្រសួងក្នុងការអនុវត្ត វិធានការ ក្នុងបញ្ចកោណទី៥នៃ យុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕