សង្គម

ស្ថានទូតអូស្ត្រាលី រៀបចំកម្មវិធី Taste of Australia ឆ្នាំ២០២៦ ដើម្បីបង្ហាញផលិតផលអាហារ ភេសជ្ជៈ និងស្រាប្រណិតរបស់ខ្លួន នៅកម្ពុជា

image


ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធី Taste of Australia ឆ្នាំ២០២៦ ប្រកបដោយមោទនភាព ដោយនាំយកនូវអាហារ ឈីស និងស្រា របស់អូស្ត្រាលី មកបង្ហាញក្នុងរាត្រីមួយនៃការអបអររសជាតិ និងអាហារដែលមានគុណភាពខ្ពស់ របស់ប្រទេសអូស្ត្រាលី។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដោយបានទទួលស្វាគមន៍ និងជួបជុំតំណាងជាន់ខ្ពស់ពីរាជរដ្ឋាភិបាល វិស័យធុរកិច្ច បដិសណ្ឋារកិច្ច ឧស្សាហកម្មអាហារ និងភេសជ្ជៈ ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងអ្នកបង្កើតមាតិការល្បីៗនៅក្នុងវិស័យម្ហូបអាហាររបស់កម្ពុជា។

មុខម្ហូបនៅក្នុងកម្មវិធី បានបង្ហាញនូវគ្រឿងផ្សំជាច្រើនរបស់អូស្ត្រាលី រួមមាន ត្រីធូណាមកពីភាគខាងត្បូងប្រទេសអូស្ត្រាលី បង្កងមកពីឈូងសមុទ្រ Spencer សាច់ជ្រូកផ្អែមមកពីតំបន់ Bayron Bay សាច់គោផ្នែកថ្ពាល់ (Wagyu Beef Cheek) ពីតំបន់ Darling Downs នៃរដ្ឋ Queensland ព្រមទាំង Finger Limes និងស្លឹក Lemon Myrtle មានក្នុងបង្អែម Pavlova ដែលបង្ហាញអំពីរសជាតិដើមនៃអូស្ត្រាលី។

ភ្ញៀវកិត្តិយសក៍បានភ្លក់រសជាតិឈឺស Jindi Camembert ពីរដ្ឋ Victoria សូកូឡា Haigh ពីទីក្រុង Adelaide ស្រា Lark Whiskey ពីរដ្ឋ Tasmania និងស្រា Four Pillars Gin ពីតំបន់ Healesville រដ្ឋ Victoria ដែលបង្ហាញអំពីភាពសម្បូរបែបនៃផលិតផលអាហារ និងភេសជ្ជៈប្រណីតរបស់អូស្ត្រាលី។

កម្មវិធី Taste of Australia ឆ្នាំនេះ ក៏បានពង្រីកវិសាលភាពលើសពីតុអាហារផងដែរ។ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២៥ ខែកក្កដា ស្ថានទូតអូស្ត្រាលីសហការជាមួយនឹងផ្សារទំនើបឡាក់ គឺលើយុទ្ធនាការ Taste of Australia នៅទូទាំង១០ សាខារបស់ផ្សារ ដើម្បីផ្តល់ឱកាសឱ្យសារធារណជនអាចស្វែងរក និងស្គាល់ផលិតផលអូស្ត្រាលីជាច្រើនមុខ ដែលមានលក់នៅទីនេះផ្ទាល់ក្នុងប្រទេសកម្ពុជា។

កម្មវិធី Taste of Australia ឆ្នាំ២០២៦ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងបន្តបន្ទាប់របស់ស្ថានទូត ក្នុងការដាក់បង្ហាញផលិតផលលំដាប់ពិភពលោករបស់អូស្ត្រាលី និងពង្រឹងចំណងទំនាក់ទំនងពាណិជ្ជកម្មទ្វេរ ភាគីរវាងអូស្ត្រាលី និងកម្ពុជាឱ្យកាន់តែស៊ីជម្រៅ។

ឯកឧត្តម ដេរិក យឹប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្មវិធី Taste of Australia គឺជាការចែករំលែកនៃភាពសម្បូរបែប និងគុណភាពនៃផលិតផលអូស្ត្រាលី ទៅកាន់មិត្តភក្តិរបស់យើងនៅក្នុងប្រទេសកម្ពុជា។ ចាប់ពីកសិដ្ឋាន និងការនេសាទ រហូតដល់ចំការទំពាំងបាយជូរ និងអ្នកផលិតកែច្នៃដោយដៃផ្ទាល់របស់យើង ប្រទេសអូស្ត្រាលីផ្តល់ជូននូវផលិតផលដែលល្បីល្បាញទូទាំងពិភពលោក ដោយសារគុណភាពលំដាប់ខ្ពស់ សុវត្ថិភាព និងប្រកបទៅដោយចីរភាព។

ឯកឧត្តមបានបន្តថា យើងមានសេចក្តីរីករាយដែលផលិតផលទាំងនេះជាច្រើន មានលក់ជាស្រេចនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប្រជាជនកម្ពុជាងាយស្រួល និងរីករាយជាមួយរសជាតិនៃផលិតផលអូស្ត្រាលី។ កម្ពុជានាំចូលផលិតផលកសិកម្ម និងអាហារពីអូស្ត្រាលីក្នុងតម្លៃប្រមាណ ១០០លានដុល្លារអូស្ត្រាលីជារៀងរាល់ឆ្នាំ រួមមាន ផលិតផលទឹកដោះគោ ៣២លានដុល្លារអូស្ត្រាលី, សាច់គោ ១៧លានដុល្លារអូស្ត្រាលី និងផលិតផលគ្រាប់ធញ្ញជាតិ ២៥លានដុល្លារអូស្ត្រាលី។

លោកស្រី Emma McDonald ស្នងការជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម និងវិនិយោគអូស្ត្រាលីប្រចាំនៅវៀតណាម និងកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាគឺជាទីផ្សារមួយដែលកំពុងតែមានសារៈសំខាន់ សម្រាប់ការនាំចេញអាហារ និងកសិកម្មរបស់អូស្ត្រាលី គាំទ្រដោយតម្រូវការកាន់តែកើនឡើងរបស់អ្នកប្រើប្រាស់ ចំពោះផលិតផលលំដាប់ប្រណីត និងមានគុណភាពខ្ពស់។

លោកស្រីបានបន្តថា កម្មវិធី Taste of Australia ផ្តល់ឱកាសមួយក្នុងការភ្ជាប់ទំនាក់ទំនងរវាងអ្នកប្រើប្រាស់ និងអាជីវកម្មកម្ពុជា ជាមួយអ្នកផលិតអូស្ត្រាលី ហើយបានបង្ហាញពីសក្តានុពលក្នុងការបន្តពង្រឹងទំនាក់ទំនងពាណិជ្ជ កម្មទ្វេភាគីរបស់យើងបន្ថែមទៀត៕

អត្ថបទ៖ ចេង ឆហួត