អភិបាលខេត្តកណ្តាល សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងបណ្ណាល័យ ៥ខ្នង នៅក្រុងសំពៅពូន
កណ្ដាល៖ សមិទ្ធផលថ្មីៗក្នុងវិស័យអប់រំ រួមមានអគារសិក្សា និងអគារបណ្ណាល័យសរុបចំនួន ៥ខ្នង នៅតាមគ្រឹះស្ថានសិក្សា ៤កន្លែង ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាល័យ ហ៊ុន សែន សំពៅពូន ក្រោមអធិបតីភាពលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល។
ក្នុងឱកាសនោះ លោក គួច ចំរើន បានថ្លែងអំណរគុណដល់សប្បុរសជន និងអង្គការសប្បុរសធម៌នានា ដែលបានចូលរួមឧបត្ថម្ភធនធានសាងសង់អគារសិក្សាទាំងនេះ រហូតក្លាយជាសមិទ្ធផលដ៏មានតម្លៃសម្រាប់សហគមន៍។ លោក បានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ និងការចូលរួមចំណែករបស់សប្បុរសជន គឺជាវប្បធម៌ចែករំលែកដ៏ល្អប្រពៃ និងជាការវិនិយោគដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងអនាគតរបស់កុមារ និងយុវជនជំនាន់ក្រោយ។
លោកអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ និងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើអាទិភាពគន្លឹះ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ ក្នុងនោះ វិស័យអប់រំត្រូវបានចាត់ទុកជាវិស័យអាទិភាព ដើម្បីលើកកម្ពស់គុណភាពសិក្សា បណ្តុះបណ្តាលកុមារ និងយុវជនឱ្យមានចំណេះដឹង សមត្ថភាព គំនិតច្នៃប្រឌិត ស្មារតីសហគ្រិនភាព និងនវានុវត្តន៍ អាចឆ្លើយតបនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានអំពាវនាវដល់រដ្ឋបាលក្រុងសំពៅពូន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវរួមគ្នាថែរក្សាសមិទ្ធផលទាំងនេះឱ្យបានយូរអង្វែង បន្តពង្រឹងគុណភាពអប់រំ និងលើកកម្ពស់សាលារៀនឱ្យក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ។
លោក បានបញ្ជាក់ថា ការមានអគារសិក្សាល្អមិនទាន់គ្រប់គ្រាន់នោះទេ ប៉ុន្តែគោលដៅសំខាន់គឺធ្វើយ៉ាងណាឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងកាន់តែប្រសើរ និងក្លាយជាធនធានមនុស្សប្រកបដោយសក្ដានុពលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
បើតាមរបាយការណ៍របស់លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន សមិទ្ធផលដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ រួមមានអគារសិក្សា និងអគារបណ្ណាល័យសរុបចំនួន ៥ខ្នង នៅសាលារៀនចំនួន ៤កន្លែង។ ក្នុងនោះ វិទ្យាល័យ ហ៊ុន សែន សំពៅពូន ទទួលបានអគារសិក្សា ១ខ្នង មាន ១២បន្ទប់ និងអគារបណ្ណាល័យ ១ខ្នង មាន ៤បន្ទប់។ សាលាបឋមសិក្សា ពោធិរាម្មា ទទួលបានអគារសិក្សា ១ខ្នង មាន ៥បន្ទប់។ សាលាបឋមសិក្សា ជ្រោយស្នោរ ទទួលបានអគារសិក្សា ១ខ្នង មាន ៦បន្ទប់ និងសាលាបឋមសិក្សា សំពៅមាស ទទួលបានអគារសិក្សា ១ខ្នង មាន ៥បន្ទប់ ដែលសុទ្ធសឹងជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន និងអង្គការសប្បុរសធម៌នានា ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំនៅមូលដ្ឋាន៕