សង្គម

សភាពាណិជ្ជកម្មកម្ពុជា ជំរុញសហគ្រាសធុនតូច និងមធ្យម ប្រើប្រាស់ប្រព័ន្ធ AI និងប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជន ដើម្បីបង្កើនប្រសិទ្ធភាពលក់ និងពង្រីកអាជីវកម្ម

image


ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងក្រុមហ៊ុន Codingate Technology Co., Ltd ក្រោមការគាំទ្រពីសហគ្រិនខ្មែរ នៅថ្ងៃទី២៤ ខែមិថុនានេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «យុទ្ធសាស្ត្របង្កើតផែនការលក់ និងគ្រប់គ្រងក្រុមការងារផ្នែកលក់ ជាមួយបច្ចេកវិទ្យា AI និង CRM»។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងអាជីវកម្ម។

ឧកញ៉ា ងួន ម៉េងតិច បានស្វាគមន៍ចំពោះការចូលរួមរបស់ម្ចាស់អាជីវកម្ម និងធុរកិច្ចជនជាច្រើន ដែលបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការសិក្សា និងអនុវត្តបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពអាជីវកម្មរបស់ខ្លួន។
ឧកញ៉ា ងួន ម៉េងតិច បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាពដល់សហគ្រិន សហគ្រាសធុនតូច និងមធ្យម (SMEs) និងអ្នកជំនាញផ្នែកលក់ ឱ្យអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជន (CRM) និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការរៀបចំផែនការលក់ ការគ្រប់គ្រងក្រុមការងារ ការបង្កើត Sales Pipeline និងការវិភាគទិន្នន័យ ដើម្បីស្វែងរកអតិថិជនសក្តានុពល។ ការអនុវត្តបច្ចេកវិទ្យាទាំងនេះ នឹងជួយបង្កើនប្រសិទ្ធភាពការងារ ពង្រឹងទំនាក់ទំនងជាមួយអតិថិជន និងជំរុញកំណើនអាជីវកម្មឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

ជាមួយគ្នានេះ ឧកញ៉ា ងួន ម៉េងតិច បានបង្ហាញជំនឿថា ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ នឹងជួយឱ្យសមាជិក និងអ្នកចូលរួមអាចអភិវឌ្ឍយុទ្ធសាស្ត្រលក់ប្រកបដោយប្រសិទ្ធភាព ទាក់ទាញ និងរក្សាអតិថិជនបានកាន់តែប្រសើរ ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ រួមចំណែកជំរុញការអភិវឌ្ឍវិស័យធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជាឱ្យរីកចម្រើនជាបន្តបន្ទាប់។

សូមបញ្ជាក់ថា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា តែងតែណែនាំឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅកាន់សមាជិក-សមាជិកា និងជាពិសេស អាជីវករ ពាណិជ្ជករ និងធុរជន ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការបង្កើតឱ្យមានកម្មវិធីផ្សេងៗ ដើម្បីទទួលបាននូវចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល សម្រាប់ការបង្កើនប្រសិទ្ធភាពអាជីវកម្មស្របតាមការវិវត្តន៍យ៉ាងឆាប់រហ័សនៃសកលលោក។
 
សូមជម្រាបជូនផងដែរថា វគ្គបណ្តុះបណ្តាលនេះ ទទួលបាន ការសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មូលនិធិអភិវឌ្ឍន៍ជំនាញ( SDF) ក្រុមហ៊ុន Codingate Technology Co., Ltd ការគាំទ្រពីសហគ្រិនខ្មែរ និងទទួលបានការឧបត្ថម្ភដោយ ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង ខេមបូឌា ម.ក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ កំពង់ផែស្វយ័តភ្នំពេញ ក្រុ មហ៊ុន ឌីអអេសប៊ី អ៊ិចប្រេស ឯ.ក៕