សង្គម

CDC ពិនិត្យសំណើវិនិយោគថ្មីចំនួន ៧គម្រោង មានទុនជាង ១១០លានដុល្លារ ក្នុងនោះ មានគម្រោងអាជីវកម្មរ៉ែមាស និងរោងចក្រផ្គុំដំឡើងម៉ូតូ-ម៉ូតូកង់បី

image


ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបើក «កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៦ ក្នុងឆ្នាំ២០២៦ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ចំនួន ៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១១០លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារបានប្រមាណ ៤.៥០០កន្លែង។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិ យោគកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តនានា។
ក្នុងចំណោមគម្រោងវិនិយោគទាំង ៧ មានគម្រោងក្នុងវិស័យឧស្សាហកម្មចំនួន ៦ រួមមាន អាជីវកម្មរ៉ែមាស និងសាងសង់រោងចក្រកែច្នៃ, រោងចក្រផលិតផលិតផលធ្វើពីប្លាស្ទិក, រោងចក្រផ្គុំដំឡើងម៉ូតូ និងម៉ូតូកង់បី, រោងចក្រផលិតម្សៅម្នាងសិលា និងបន្ទះម្នាងសិលា, រោងចក្រផលិតក្តារបន្ទះ និងគ្រឿងសង្ហារិមគ្រប់ប្រភេទ ព្រមទាំងរោងចក្រផលិតឱសថ។

ដោយឡែក គម្រោងមួយទៀតស្ថិតក្នុងវិស័យកសិកម្ម-កសិឧស្សាហកម្ម គឺការបង្កើតកសិដ្ឋានចិញ្ចឹមត្រី និងគ្រំ រួមជាមួយការសាងសង់រោងចក្រកែច្នៃគុជខ្យង និងផលិតផលត្រី។

បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំងនេះ ត្រូវបានគ្រោងអនុវត្តនៅតាមបណ្តាខេត្តសំខាន់ៗចំនួន ៧ រួមមាន កំពង់ធំ, ក្រចេះ, កណ្តាល, កំពង់ស្ពឺ, កំពត, ស្វាយរៀង និងកំពង់ឆ្នាំង។

ការពិនិត្យលើគម្រោងវិនិយោគថ្មីៗទាំងនេះ សបញ្ជាក់ពីការបន្តទាក់ទាញវិនិយោគរបស់កម្ពុជា ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងកសិឧស្សាហកម្ម ដែលនឹងរួមចំណែកដល់ការបង្កើនផលិតកម្មក្នុងស្រុក ការបង្កើតការងារ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ៕

អត្ថបទ៖ ចេង ឆហួត