ព័ត៌មានអន្តរជាតិ

អ្នកវិភាគ៖ ការចុះចេញពីតំណែងរបស់នាយករដ្ឋមន្ត្រីអង់គ្លេស នឹងគ្មានអ្វីប្រែប្រួលជាដុំកំភួនឡើយ

image

អង់គ្លេស៖ កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក គែរ ស្តាម័រ (Keir Starmer) បានប្រកាសជាផ្លូវការថា លោកនឹងលាលែងពីតំណែងជាប្រធានបក្សពលករ ព្រមទាំងលាលែងពីតួនាទីជានាយករដ្ឋមន្ត្រី បន្ទាប់ពីមានការចោទសួរផ្ទៃក្នុងបក្សអំពីសមត្ថភាពដឹកនាំរបស់លោកនៅពេលបោះឆ្នោតជាតិលើកក្រោយ។ នៅក្នុងសេចក្តីថ្លែងការណ៍ចុះចេញពីតំណែង លោកបានសង្កត់ធ្ងន់ថា រាល់ការសម្រេចចិត្តរបស់លោក ធ្វើឡើងដោយផ្អែកលើការតម្កល់ផលប្រយោជន៍ជាតិជាធំ និងបានរំលេចពីស្នាដៃក្នុងការស្តារកេរ្តិ៍ឈ្មោះប្រទេសនេះ នៅលើឆាកអន្តរជាតិ តាមរយៈការឈរជើងជាមួយប្រទេសអ៊ុយក្រែន ។

ទោះជាយ៉ាងណាក៏ដោយ ការប្រកាសលាលែងពីតំណែងនេះ បានរងនូវការរិះគន់ និងវិភាគយ៉ាងស៊ីជម្រៅពីសំណាក់អ្នកជំនាញនយោបាយ លោក ឆាយ បូវស៍ (Chay Bowes) ដោយលោកបានលើកឡើងថា ព្រឹត្តិការណ៍នេះ នឹងមិនផ្តល់ឱកាសឱ្យប្រជាជនអង់គ្លេសទូទាំងប្រទេសមានសិទ្ធិបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីដោយផ្ទាល់ឡើយ។ ផ្ទុយទៅវិញ វានឹងក្លាយជាការរៀបចំឡើងកាន់តំណែងដោយស្វ័យប្រវត្តិ ដោយបេក្ខភាពថ្មីនេះ គឺជាលោក អេនឌី ប៊ើនហាំ (Andy Burnham) ដែលបច្ចុប្បន្នជាអភិបាលក្រុងមែនឆេស្ទ័រ (Manchester) ឱ្យឡើងមកដឹកនាំបក្ស និងឡើងជានាយករដ្ឋមន្ត្រីថ្មី តាមរយៈការបោះឆ្នោតគាំទ្រពីក្រុមតំណាងរាស្ត្រក្នុងបក្សពលករតែប៉ុណ្ណោះ ។

អ្នកវិភាគពណ៌នាថា លោក អេនឌី ប៊ើនហាំ (Andy Burnham) គឺជាលោក «គែរ ស្តាម័រ ជំនាន់ទី២» (Keir Starmer 2.0) ដោយសារតែរូបលោកមានប្រវត្តិ និងទស្សនៈនយោបាយស្រដៀងគ្នាច្រើន ទោះបីជាលោកមានប្រភពចេញពីគ្រួសារអ្នកសាមញ្ញនៅក្នុងទីក្រុងលីវើភូល (Liverpool) និងបានបញ្ចប់ការសិក្សាផ្នែកអក្សរសាស្ត្រអង់គ្លេសពីសកលវិទ្យាល័យខេមប្រីជ (Cambridge) ក៏ដោយ។ លោក ប៊ើនហាំ ក៏ធ្លាប់រងនូវរឿងអាស្រូវមួយចំនួនផងដែរកាលពីពេលមុន ពាក់ព័ន្ធនឹងកំហុសក្នុងការគ្រប់គ្រងប្រព័ន្ធសុខាភិបាល ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់នៅក្នុងមន្ទីរពេទ្យមួយចំនួន ក្នុងកំឡុងដែលលោកកំពុងកាន់តំណែងគ្រប់គ្រង ។

នៅក្នុងទិដ្ឋភាពនយោបាយការបរទេស ការផ្លាស់ប្តូរមេដឹកនាំថ្មីនេះ ត្រូវគេមើលឃើញថា នឹងមិននាំមកនូវការប្រែប្រួលជាដុំកំភួនណាមួយឡើយសម្រាប់ចក្រភពអង់គ្លេស ពីព្រោះលោក ប៊ើនហាំ គឺជាអ្នកដែលបានចេញមុខរិះគន់ប្រទេសរុស្ស៊ីយ៉ាងខ្លាំងតាំងពីដើមទី ជុំវិញបញ្ហាកោះគ្រីមៀ (Crimea) និងតែងតែបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះរដ្ឋាភិបាលអ៊ុយក្រែន។ អ្នកវិភាគ សន្និដ្ឋានថា របបដឹកនាំថ្មីក្រោមការគ្រប់គ្រងរបស់លោក ប៊ើនហាំ នឹងនៅតែបន្តប្រើប្រាស់ការពោលពាក្យសម្តីនយោបាយបែបដដែលៗ ,ដោះដូរមនុស្សតែមិនដោះដូរគោលនយោបាយ និងគ្មានការកែទម្រង់ពិតប្រាកដណាមួយសម្រាប់ជាតិឡើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT video.