ព័ត៌មានអន្តរជាតិ

ក្រុមអ្នកតវ៉ាជប៉ុន នៅកោះអូគីណាវ៉ា ទាមទារឱ្យដកមូលដ្ឋានទ័ពអាម៉េរិក អំឡុងពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនៅក្នុងសង្គ្រាម

image

អូគីណាវ៉ា, ជប៉ុន៖ ក្រុមអ្នកតវ៉ាជាច្រើននាក់ បានជួបជុំគ្នាយ៉ាងកុះករនៅលើកោះអូគីណាវ៉ា (Okinawa) កាលពីថ្ងៃអង្គារ ដើម្បីធ្វើការតវ៉ា និងថ្កោលទោសខ្លាំងៗចំពោះវត្តមានយោធារបស់សហរដ្ឋអាម៉េរិក ដែលនៅតែបន្តស្នាក់នៅលើកោះនេះ។ ព្រឹត្តិការណ៍តវ៉ាខាងលើ កើតឡើងចំពេលដែលប្រទេសជប៉ុន បានរៀបចំពិធីរំឭកវិញ្ញាណក្ខន្ធប្រចាំឆ្នាំ ដើម្បីឧទ្ទិសកុសល និងចងចាំដល់ជនរងគ្រោះក្នុងឱកាសខួប ៨១ឆ្នាំ នៃការបញ្ចប់សមរភូមិប្រយុទ្ធអូគីណាវ៉ា ដែលជាសមរភូមិបង្ហូរឈាមដ៏ធំបំផុតមួយនាសម័យសង្គ្រាមលោកលើកទី២ ដោយបានសម្លាប់ជីវិតមនុស្សអស់ជាង ២០ម៉ឺននាក់ ។
 
អំឡុងប្រារព្ធពិធីនោះ ស្ថានភាពបានប្រែក្លាយទៅជាភាពតានតឹងខ្លាំង នៅពេលដែលក្រុមកងទ័ពអាម៉េរិកបានធ្វើដំណើរមកដល់។ តំណាងក្រុមអ្នកតវ៉ា លោក តាកាហាស៊ី តូស៊ីអូ (Takahashi Toshio) បានរិះគន់ធ្ងន់ៗទៅលើទង្វើរបស់កងទ័ពអាម៉េរិក ដែលបានស្លៀកពាក់ឯកសណ្ឋានយោធាពេញលក្ខណៈមកចូលរួមពិធី ដោយលោកបានបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃបួងសួងសុំសន្តិភាព ដូច្នេះការគ្រងឈុតយោធាមកចូលរួមគឺជារឿងខុសឆ្គង និងមិនផ្តល់ការគោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះឡើយ ។
 
ជាមួយគ្នានេះ ក្រុមអ្នកតវ៉ា ក៏បានសម្តែងការមិនពេញចិត្តចំពោះការលើកឡើងរបស់រដ្ឋាភិបាលជប៉ុន ដែលតែងតែការពារវត្តមានរបស់អាម៉េរិក ដោយអ្នកតវ៉ាមើលឃើញថា យោធាអាម៉េរិកមិនបានមកជួយការពារកោះអូគីណាវ៉ាពីការឈ្លានពានរបស់ចិន ឬកូរ៉េខាងជើង ដូចការឃោសនានោះទេ។ ផ្ទុយទៅវិញ អាម៉េរិកបានប្រើប្រាស់ទឹកដីកោះរបស់ជប៉ុនធ្វើជាកន្លែងបង្កើនកម្លាំង និងហ្វឹកហ្វឺនកងទ័ព ដើម្បីត្រៀមបញ្ជូនទៅធ្វើអន្តរាគមន៍នៅតំបន់ផ្សេងៗ និងដើម្បីបញ្ឆេះកំដៅ ឬបង្កើនភាពតានតឹងផ្នែកយោធានៅទូទាំងច្រកសមុទ្រតៃវ៉ាន់តែប៉ុណ្ណោះ ។
 
ពិធីរំឭកវិញ្ញាណក្ខន្ធប្រចាំឆ្នាំនេះ មានមនុស្សចូលរួមប្រមាណ ៣,២០០ នាក់ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជប៉ុន ដូចជានាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអ៊ិ តាកាអ៊ីឈិ (Sanae Takaichi) និងអភិបាលកោះអូគីណាវ៉ា លោក ដេននី តាម៉ាគី (Denny Tamaki)។ ទោះជាយ៉ាងណាក្ដី កំហឹងរបស់ប្រជាពលរដ្ឋនៅលើកោះអូគីណាវ៉ានៅតែបន្តកើនឡើងខ្ពស់ ដោយសារតែបច្ចុប្បន្ន កោះមួយនេះកំពុងតែរងបន្ទុកយ៉ាងធ្ងន់ធ្ងរ ដោយត្រូវផ្តល់ផ្ទៃដីរហូតដល់ទៅ ៧០ ភាគរយ សម្រាប់បម្រើឱ្យការប្រើប្រាស់ផ្តាច់មុខដល់មូលដ្ឋានទ័ពអាកាស និងកងកម្លាំងយោធាសហរដ្ឋអាម៉េរិកប្រចាំប្រទេសជប៉ុន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.