អាជីវករលក់សៀវភៅដែលបាត់បង់ផ្ទះសម្បែងក្នុងតំបន់ហ្គាហ្សា កែច្នៃតង់ជ្រកកោនធ្វើជាបណ្ណាល័យ ដើម្បីបន្តវប្បធម៌នៃការអាន
ហ្គាហ្សា៖ ទោះត្រូវរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សាក៏ដោយ ក៏មិនអាចរារាំងទឹកចិត្តលោក ម៉ូហាំម៉ាត់ សាដ (Mohammad Saad) ដែលជាអាជីវករលក់សៀវភៅជើងចាស់អស់រយៈពេល ៣៥ឆ្នាំ មិនឱ្យត្រឡប់មកបន្តមុខរបរ និងបេសកកម្មវប្បធម៌របស់ខ្លួនវិញនោះទេ។ បន្ទាប់ពីផ្ទះរបស់លោកនៅក្នុងតំបន់ បេត ឡាហ៊ីយ៉ា (Beit Lahia) ត្រូវខ្ទេចខ្ទី លោកបានស្វែងរកសៀវភៅជាច្រើនក្បាលពីក្រោមគំនរបាក់បែក ហើយបានយកពួកវាមកតម្រៀបបើកជាបណ្ណាល័យឡើងវិញនៅក្នុងតង់ជ្រកកោនមួយកន្លែង ស្ថិតក្នុងតំបន់ ដៀល អាលបាឡោះ (Deir al-Balah) កាលពីដើមសប្ដាហ៍នេះ ។
ការសម្រេចចិត្តប្រើប្រាស់តង់ធ្វើជាបណ្ណាល័យ និងកន្លែងលក់សៀវភៅនេះ ក៏ដោយសារតែលោក សាដ គ្មានលទ្ធភាពបង់ថ្លៃឈ្នួលផ្ទះ ឬទីតាំងអាជីវកម្មដែលឡើងថ្លៃខ្ពស់ខ្លាំងពេកនាពេលបច្ចុប្បន្ន។ បន្ថែមពីនេះ លោកបានបង្កើតយុទ្ធនាការសង្គមមួយមានឈ្មោះថា «អប់រំខ្លួនឯងដើម្បីស្វែងយល់ពីជីវិត» ដោយនាំយកសៀវភៅមកដាក់លក់ក្នុងតម្លៃទាបបំផុត ដើម្បីបំផុសស្មារតី និងរក្សាវប្បធម៌នៃការអានឱ្យនៅរស់រានមានជីវិតឡើងវិញ ទោះជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ។
ទន្ទឹមនឹងការបើកបណ្ណាល័យនេះ លោក ម៉ូហាំម៉ាត់ សាដ ក៏បានអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិ និងអ្នកដែលស្រឡាញ់វិស័យអប់រំទាំងអស់ សូមជួយគាំទ្រ និងក្រោកឈរឡើងជាមួយគ្នា ដើម្បីលើកទឹកចិត្តដល់ស្រទាប់យុវជន និងស្ត្រីនៅក្នុងតំបន់ហ្គាហ្សាឱ្យបន្តការអាន និងរៀនសូត្រ។ លោកសង្កត់ធ្ងន់ថា សៀវភៅគឺជាផ្នែកមួយដ៏សំខាន់ដែលមិនអាចកាត់ផ្តាច់បានពីជីវិតរបស់មនុស្សជាតិ ហើយវាក៏ជាកាតព្វកិច្ចរបស់មនុស្សគ្រប់គ្នាដែលត្រូវតែរួមគ្នាថែរក្សាឱ្យបានគង់វង្ស ទោះក្នុងកាលៈទេសៈសង្គ្រាមក៏ដោយ ។
ដោយឡែក បើក្រឡេកទៅមើលទិដ្ឋភាពនយោបាយ និងការកសាងតំបន់នេះឡើងវិញ នៅក្នុងកំឡុងខែមករា ឆ្នាំ២០២៦ លោក ស្ទីវ វីតកូហ្វ (Steve Witkoff) ប្រេសិតអាម៉េរិកប្រចាំតំបន់មជ្ឈិមបូព៌ា បានប្រកាសដាក់ចេញនូវដំណាក់កាលទីពីរនៃផែនការសន្តិភាព ២០ចំណុច របស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដោយបានប្តូរទិសដៅពីកិច្ចប្រឹងប្រែងបទឈប់បាញ់ ទៅផ្ដោតលើការលុបបំបាត់អាវុធយោធា, បង្កើតរបបគ្រប់គ្រងបែបបច្ចេកវិទ្យា និងបើកយុទ្ធនាការស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញនៅទូទាំងតំបន់ហ្គាហ្សា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.