ព័ត៌មានអន្តរជាតិ

ចិនរិះគន់ជប៉ុនថា ស្រឡាញ់សន្តិភាពត្រឹមពាក្យសម្ដី តែទង្វើបែរជាត្រៀមចាប់ដៃផលិតដ្រូនប្រយុទ្ធជាមួយអ៊ុយក្រែន

image

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន (Guo Jiakun) កាលពីថ្ងៃអង្គារ បានព្រមានថា សកម្មភាពពង្រីកឥទ្ធិពលយោធារបស់ជប៉ុន កំពុងបំផ្លាញស្ថិរភាពនៅតំបន់អាស៊ី។ ការផ្ទុះឡើងនូវសមរភូមិការទូតនេះ កើតឡើងក្រោយបែកធ្លាយរបាយការណ៍ថា ក្រុមហ៊ុនការពារជាតិអ៊ុយក្រែន បានមកទីក្រុងតូក្យូ ដើម្បីស្វែងរកដៃគូផលិតដ្រូនប្រយុទ្ធរួមគ្នា ។
 
ភាគីចិន ចោទប្រកាន់ថា ជប៉ុនកំពុងស្តារលទ្ធិយោធានិយមថ្មី និងរំលោភបំពានលើរដ្ឋធម្មនុញ្ញសន្តិភាពរបស់ខ្លួន តាមរយៈការផលិតអាវុធវាយលុកចម្ងាយឆ្ងាយ និងបើកដៃឱ្យមានការនាំចេញអាវុធប្រល័យជីវិតទៅក្រៅប្រទេស។ ចិនសង្កត់ធ្ងន់ថា ទោះជាជប៉ុនតែងប្រកាសខ្លួនជា «ប្រទេសស្រឡាញ់សន្តិភាព» យ៉ាងណាក៏ដោយ ប៉ុន្តែទង្វើជាក់ស្តែងគឺផ្ទុយស្រឡះទាំងស្រុង ។
 
ក្ដីព្រួយបារម្ភរបស់ចិន កើតឡើងបន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុនដ្រូនអ៊ុយក្រែន យូហ្វស់ (Uforce) លោក អូឡេក រ៉ូហ្គីនស្គី (Oleg Rogynskyy) បានធ្វើដំណើរមកដល់ជប៉ុន ដើម្បីផ្សព្វផ្សាយបច្ចេកវិទ្យាដ្រូនដែនសមុទ្រ ដែលធ្លាប់ប្រើប្រាស់ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី នៅឯសមុទ្រខ្មៅ ។
 
ជាការឆ្លើយតប ជប៉ុនបាននិយាយការពារខ្លួនថា ការបន្ធូរបន្ថយច្បាប់នាំចេញអាវុធ ធ្វើឡើងដើម្បីការពង្រឹងសន្តិសុខជាតិប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនជប៉ុន ធើរ៉ា ដ្រូន (Terra Drone) បានចាប់ផ្តើមហក់ចូលទៅក្នុងវិស័យនេះយ៉ាងសកម្មរួចទៅហើយ តាមរយៈការអភិវឌ្ឍគម្រោងដ្រូនស្វ័យប្រវត្តសម្រាប់ស្ទាក់ចាប់អាវុធ ដែលធ្លាប់បានយកទៅសាកល្បងនៅក្នុងសមរភូមិអ៊ុយក្រែន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Japan Ministry of Defense/ istockphoto on Microsoft Bing.