សិង្ហបុរីប្រកាសអាសន្នកម្រិតខ្ពស់ ដោយព្រមានថា វិបត្តិសេដ្ឋកិច្ចសកលនិងគ្រោះរាំងស្ងួត កំពុងដុតកម្តៅវិបត្តិផ្សែងអ័ព្ទពុលនៅអាស៊ាន តាមរយៈការកាប់ឆ្ការដី និងដុតព្រៃ
សិង្ហបុរី៖ វិបត្តិសេដ្ឋកិច្ច និងភាពរអាក់រអួលនៃការដឹកជញ្ជូនតាមកប៉ាល់នៅច្រកសមុទ្រហ័រមូស (Hormuz) បានធ្វើឱ្យតម្លៃជីកសិកម្ម និងប្រេងឥន្ធនៈហក់ឡើងថ្លៃ ស្របពេលដែលតម្រូវការប្រេងជីវៈកែច្នៃ មានការកើនឡើងខ្ពស់។ កត្តាទាំងនេះ បានបង្កជាសម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់កសិករ និងក្រុមហ៊ុនកសិកម្មក្នុងតំបន់ ដែលជំរុញឱ្យពួកគេងាកទៅរកវិធីសាស្ត្រកាប់ឆ្ការដី ដើម្បីកាត់បន្ថយដើមទុន ដូចជា «ការលួចដុតព្រៃ និងដីចម្ការ» ។
កត្តាសេដ្ឋកិច្ចខាងលើនេះ បានជំរុញឱ្យវិទ្យាស្ថានសិង្ហបុរីនៃកិច្ចការអន្តរជាតិ (SIIA) បញ្ចេញរបាយការណ៍ព្រមានពណ៌ក្រហម ដែលជាកម្រិតអាសន្នខ្ពស់បំផុត កាលពីថ្ងៃពុធ ដោយគូសបញ្ជាក់ថា តំបន់អាស៊ីអាគ្នេយ៍កំពុងប្រឈមនឹងហានិភ័យខ្ពស់បំផុត នៃការកើតមានវិបត្តិផ្សែងអ័ព្ទពុលឆ្លងដែនកម្រិតធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ ដោយសារតែឥទ្ធិពលរួមគ្នារវាងការដុតព្រៃ និងបាតុភូតអាកាសធាតុក្តៅស្ងួតហួតហែង ។
ការប្រកាសអាសន្នដ៏កម្រនេះ នឹងជះឥទ្ធិពលអាក្រក់ខ្លាំងដល់សេដ្ឋកិច្ច និងសុខភាពប្រជាជនក្នុងបណ្តាប្រទេសចំនួន ៤ នៃតំបន់អាស៊ាន រួមមាន ប្រទេសព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ជាពិសេសនៅចន្លោះខែសីហា និងខែកញ្ញា ដែលជាពេលកម្តៅ និងគ្រោះរាំងស្ងួតនៃបាតុភូត El Nino ឡើងដល់ចំណុចកំពូល ។
ទន្ទឹមនឹងសម្ពាធទីផ្សារ ប្រទេសឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) ក៏កំពុងជួបវិបត្តិថវិកាយ៉ាងខ្លាំង ក្នុងការគ្រប់គ្រង និងពន្លត់ភ្លើងឆេះព្រៃ។ នេះក៏ដោយសារតែរដ្ឋាភិបាល ត្រូវរក្សាវិន័យសេដ្ឋកិច្ច ដោយកាត់បន្ថយការចំណាយសាធារណៈ ដើម្បីរក្សាឱនភាពថវិកាជាតិឱ្យនៅទាបជាង ៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប ។
ដើម្បីឆ្លើយតបនឹងការសាកល្បងសមត្ថភាពផ្នែកសេដ្ឋកិច្ច និងសន្តិសុខលើកដំបូងនេះ លោក ប្រាបូវ៉ូ បានប្រកាសចាត់ទុកបញ្ហាភ្លើងឆេះព្រៃនេះជា «បញ្ហាសន្តិសុខជាតិ»។ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានរៀបចំផែនការចំណាយទុនដ៏ច្រើន ដើម្បីធ្វើប្រតិបត្តិការកែប្រែអាកាសធាតុ ឬហៅថាការបង្កើតភ្លៀងសិប្បនិម្មិតយ៉ាងហោចណាស់ចំនួន ៣៥ ដង ដើម្បីជួយកាត់បន្ថយកម្តៅ ។
បន្ថែមលើនេះ វិធានការផ្លូវច្បាប់ដ៏ក្តៅគគុកត្រូវបានអនុវត្ត ដោយរដ្ឋាភិបាលទីក្រុងហ្សាកាតា បានសម្រេចលុបចោលអាជ្ញាបណ្ណអាជីវកម្មចំនួន ២៨ ក្រុមហ៊ុនរួចជាស្រេច និងបានព្រមានដកហូតដីសម្បទានភ្លាមៗ ប្រសិនបើរកឃើញថាមានភ្លើងឆេះរាលដាលក្នុងដីរបស់ខ្លួន ដែលវិធានការបង្ខំនេះ ធ្វើឡើងដើម្បីទប់ស្កាត់កុំឱ្យក្រុមហ៊ុនឯកជនបំផ្លាញបរិស្ថាន ដើម្បីតែផលចំណេញផ្នែកសេដ្ឋកិច្ច ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNA | រូបភាព៖ (CNA/Jeremy Long)/ (AP Photo/Dita Alangkara, File)/ AFP/ CNA graphics.