ព័ត៌មានអន្តរជាតិ

ទីផ្សារប្រេងសកល ធ្លាក់ចុះមកក្បែរកម្រិតទាបបំផុតក្នុងរយៈពេល ៤ខែ ក្រោយមានសញ្ញាវិជ្ជមាននៅឯច្រកសមុទ្រហ័រមូស

image

អន្តរជាតិ៖ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ នៅថ្ងៃពុធនេះ បានបន្តធ្លាក់ចុះ មកនៅកៀកនឹងកម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែចុងក្រោយ បន្ទាប់ពីមានសញ្ញាវិជ្ជមានថា កប៉ាល់ដឹកប្រេងដែលធ្លាប់ជាប់គាំងតាំងពីដើមសង្រ្គាម បានចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូស (Hormuz) វិញហើយ ។
 
សន្ទស្សន៍តម្លៃប្រេងឆៅសកលប្រភេទ ប្រ៊េន (Brent) បានធ្លាក់ចុះ ០,៥ ភាគរយ មកនៅត្រឹម ៧៦,៧១ ដុល្លារ ខណៈប្រេងឆៅអាម៉េរិកប្រភេទ WTI បានធ្លាក់ចុះ ០,៥ ភាគរយដូចគ្នា មកនៅត្រឹម ៧២,៨៥ ដុល្លារក្នុងមួយបារ៉ែល ដែលការធ្លាក់ចុះនេះ ទទួលរងនូវសម្ពាធដោយសារតែអាម៉េរិកយល់ព្រមដកទណ្ឌកម្មសេដ្ឋកិច្ចបណ្តោះអាសន្នរយៈពេល ៦០ ថ្ងៃឱ្យទៅអ៊ីរ៉ង់ ដើម្បីអនុញ្ញាតឱ្យប្រទេសនេះ លក់ប្រេងចេញឡើងវិញ ។
 
លោក តុម៉ូមីឈី អាគុតា (Tomomichi Akuta) សេដ្ឋវិទូជាន់ខ្ពស់នៃវិទ្យាស្ថាន មីតស៊ូប៊ីស៊ី យូអេហ្វជេ (Mitsubishi UFJ Research and Consulting) បានធ្វើការពន្យល់ថា ការថយចុះកម្តៅនយោបាយរវាងអាម៉េរិក និងអ៊ីរ៉ង់ គឺជាកត្តាចម្បងដែលទាញតម្លៃប្រេងឱ្យចុះថ្លៃ ហើយតម្លៃនេះ អាចនឹងបន្តធ្លាក់ចុះទៅដល់កម្រិតមុនពេលកើតមានសង្រ្គាម ប្រសិនបើការចរចាលើកម្មវិធីនុយក្លេអ៊ែរ ទទួលបានជោគជ័យបន្ថែមទៀត ។
 
ទោះជាយ៉ាងណាក្ដី ទីផ្សារនៅតែមានភាពមិនច្បាស់លាស់ខ្លះ ដោយសារតែប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) អះអាងថា អ៊ីរ៉ង់បានព្រមព្រៀងឱ្យចូលត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែររហូតដល់ «គ្មានទីបញ្ចប់» ប៉ុន្តែភាគីខាងទីក្រុងតេហ៍រ៉ង់ (Tehran) ឯណោះវិញ បានចេញមុខបដិសេធភ្លាមៗថា ខ្លួនមិនបានធ្វើការលះបង់ ឬយល់ព្រមលើលក្ខខណ្ឌបង្ខំៗនេះឡើយ ។
 
នៅផ្នែកម្ខាងទៀតនៃច្រកសមុទ្រ ប្រភពយោធាអ៊ីរ៉ង់ បានបញ្ជាក់ថា កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កំពុងសម្របសម្រួលអនុញ្ញាតឱ្យកប៉ាល់ក្នុងចំនួនកំណត់ឆ្លងកាត់ជារៀងរាល់ថ្ងៃ ខណៈទិន្នន័យស្កែនបានបង្ហាញថា មានកប៉ាល់ដឹកប្រេងខ្នាតយក្ស ចំនួន ៣ គ្រឿងបានបើកឆ្លងកាត់ដោយជោគជ័យកាលពីថ្ងៃអង្គារ ។
 
ទន្ទឹមនឹងនេះ ទីភ្នាក់ងារដឹកជញ្ជូនរបស់អង្គការសហប្រជាជាតិ កំពុងតែសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីជម្លៀសកប៉ាល់រាប់រយគ្រឿង និងនាវិកចំនួន ១១,០០០ នាក់ដែលជាប់គាំង ខណៈរបាយការណ៍ពីវិទ្យាស្ថានប្រេងអាម៉េរិក (API) បានបង្ហាញថា ស្តុកប្រេងបម្រុងរបស់អាម៉េរិក បានធ្លាក់ចុះចំនួន ៧៦៥,០០០ បារ៉ែល គិតត្រឹមសប្តាហ៍មុន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA | រូបភាព៖ (REUTERS/Mohammed Aty/File Photo)/ MoneyControl.