រោងចក្រចម្រាញ់ប្រេងឆាពី«កន្ទក់» របស់កូនខ្មែរ ដែលមានសមត្ថភាពផលិតបាន ៥០តោនក្នុងមួយថ្ងៃ កំពុងមានវត្តមានជាលើកដំបូងនៅក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ រោងចក្រចម្រាញ់ប្រេងឆាចេញពីវត្ថុធាតុដើម «កន្ទក់» នៃស្រូវផ្កាម្លិះ(សុខៈ)ដែលចំណាយដើមទុនប្រមាណជិត ១០លានដុល្លារ និងមានសមត្ថភាពផលិតបានប្រេងឆាក្នុងរង្វង់៥០តោនក្នុងមួយថ្ងៃ កំពុងមានវត្តមានជាលើកដំបូងនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក ឆែន ច័ន្ទដារ៉ា អគ្គនាយកក្រុមហ៊ុនប្រេងកន្ទក់កម្ពុជា បានឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ថា ក្រុមហ៊ុនបានបង្កើតរោងចក្រចម្រាញ់ប្រេងឆាចេញពីវត្ថុធាតុដើមកន្ទក់ស្រូវក្នុងកម្រិតមធ្យមជាលើកដំបូងក្នុងខេត្តកំពង់ស្ពឺ ដែលនឹងចាប់ដំណើរការខ្សែចង្វាក់ផលិតកម្មនាដើមខែធ្នូខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋកម្ពុជាសម្រាប់ចម្អិនម្ហូបអាហារប្រចាំថ្ងៃក្នុងផ្ទះបាយ។
លោកអគ្គនាយក បានបញ្ជាក់ថា ជាជំហានទី១ ក្រុមហ៊ុនបានបង្កើតរោងចក្រចម្រាញ់ប្រេងឆាពីកន្ទក់នៅស្រុកថ្មគោល ខេត្តបាត់ដំបង មានលទ្ធភាពចម្រាញ់ប្រេងបានក្នុងរង្វង់ពី៦ទៅ១០តោនក្នុងមួយថ្ងៃ ដោយប្រមូលទិញវត្ថធាតុដើមមកពីបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។ ចំពោះផលិតដែលចម្រាញ់បានគឺក្រុមហ៊ុនបានធ្វើការផ្គត់ផ្គង់ទៅតាមទីផ្សារក្នុងស្រុក និងមួយផ្នែកតូចនាំចេញទៅក្រៅប្រទេស។
លោក ឆែន ច័ន្ទដារ៉ា បញ្ជាក់បន្ថែមថា ពាក់ព័ន្ធតម្លៃប្រេងកន្ទក់គឺមានតម្លៃទាបជាងប្រេងនាំចូលពីប្រទេសជិតខាង ដែលបាននិងកំពុងដាក់លក់លើទីផ្សារកម្ពុជាបច្ចុប្បន្ន។ ដោយឡែកផលិតផលប្រេងឆាកន្ទក់របស់ប្រទេសជិតខាងក៏មានលក់លើទីផ្សារបរទេសផងដែរ តែតម្លៃហាក់ខ្ពស់ជាងប្រេងឆាកន្ទក់ដែលចម្រាញ់ដោយកូនខ្មែរ។ ដោយសាសន្ទុះនៃការគាំទ្រផលិតផលកូនខ្មែរខ្លាំង ធ្វើឱ្យក្រុមហ៊ុនប្រឈមក្នុងការផ្គត់ផ្គង់ និយាយជារួមគឺការផលិតនៅមានប្រមាណទាបមិនអាចបំពេញតម្រូវការទីផ្សារបាន ក្រុមហ៊ុនសម្រេចចិត្តពង្រីករោងចក្របន្ថែមដោយជ្រើសយកស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺជាខេត្តគោលដៅដើម្បីផលិតឆ្លើយតបឱ្យទាន់តម្រូវការនេះ ក្នុងនោះក្រុមហ៊ុនបានបំពាក់បច្ចេកវិទ្យាថ្មីដែលមានសមត្ថភាពចម្រាញ់ប្រេងកន្ទក់បានក្នុងមួយថ្ងៃ ៥០តោន លើវត្ថធាតុដើមកន្ទក់ប្រមាណជាង២០០តោន។
អគ្គនាយកក្រុមហ៊ុនបញ្ជាក់ពីអត្ថប្រយោជន៍ និងគុណប្រយោជន៍របស់ប្រេងកន្ទក់ ដែលតាមការអះអាងរបស់អង្គការសុខភាពពិភពលោក ក៏ដូចវិទ្យាស្ថានអន្តរជាតិធំៗបានចាត់ថ្នាក់ថា មានតែប្រេងកន្ទក់មួយទេដែលមានសារធាតុ oryzanol មានតួនាទីសំខាន់ និងចម្បងបំផុតសម្រាប់ទ្រទ្រង់សុខភាព រាងកាយ មិនតែប៉ុណ្ណោះមានឥទ្ធិពលខ្លាំងក្នុងការកំចាត់ខ្លាញ់អាក្រក់ក្នុងសរសៃឈាម ដែលធ្វើឱ្យមនុស្សកើតជំងឺដាច់សរសៃឈាមខួរក្បាល ខ្លាញ់រុំបេះដូង ខ្លាញ់រុំថ្លើម ជាដើម។ មួយវិញទៀតប្រេងនេះក៏មានសារធាតុស័ង្កសី ដែលផ្តល់ភាពរឹងមាំដល់រាងកាយផងដែរ។
ជុំវិញការលើកឡើងនេះ លោក ជាម ច័ន្ទសោភ័ណ បានសាទរចំពោះវត្តមានរោងចក្រចម្រាញ់ប្រេងឆាពីកន្ទក់ដំបូងគេនៅក្នុងខេត្តដែលជាស្នាដៃកូនខ្មែរ បន្ទាប់ពីរោងចក្រដំបូងបានកកើតនៅក្នុងខេត្តបាត់ដំបង។ សក្ខីភាពនេះបានបញ្ជាក់ឱ្យឃើញថា កូនខ្មែរពិតជាមានសមត្ថភាពមិនចាញ់ប្រទេសជៀនលឿនឡើយ ដែលអាចផលិតប្រេងឆាពីកន្ទក់ហើយនាំទៅលក់ប្រគួតប្រជែងលើទីផ្សារបរទេសទទួលបានការគាំទ្រខ្លាំង រហូតពង្រីករោងចក្ររបស់ខ្លួនបន្ថែម ដោយចំណាយដើមទុនរាប់លានដុល្លារ និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺប្រមាណជិត ១០០នាក់ទៀតផង។
ជាមួយនឹងការពង្រីករោងចក្រចម្រាញ់ប្រេងឆាពីកន្ទក់នេះ អភិបាលខេត្តកំពង់ស្ពឺបានណែនាំដល់ក្រុមហ៊ុនប្រេងកន្ទក់កម្ពុជា ត្រូវប្រើប្រាស់ឱ្យអស់សក្តានុពលក្នុងខេត្ត មុននឹងមានការនាំចូលមកពីតាមខេត្តនានា ការផលិតឬចម្រាញ់ត្រូវធ្វើទៅតាមស្តង់ដារបច្ចេកទេស និងអង្គការសុខភាពពិភពលោក ចៀសវាងការបង្កផលប៉ះពាល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
អត្ថបទ៖ ប៊ុត សារុន