រដ្ឋមន្ត្រីទេសចរណ៍រំពឹងថាក្រុងកំពតនឹងទទួលបានជ័យលាភីបណ្តាញទីក្រុងច្នៃប្រឌិតរបស់យូណេស្កូ
កំពត៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានរំពឹង និងជឿជាក់ថា ក្រុងកំពតនឹងទទួលបានជ័យលាភីចូលជាសមាជិកបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ ផ្នែកម្ហូបអាហារ ដោយសារខេត្តនេះមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ វប្បធម៌ និងអត្តសញ្ញាណម្ហូបអាហារដែលមានភាពល្បីល្បាញទាំងក្នុង និងក្រៅប្រទេស។ ការលើកឡើងនេះធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការរៀបចំឯកសារបេក្ខភាពក្រុងកំពតចូលក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ» ដែលរៀបចំនៅខេត្តកំពត នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
លោក ហួត ហាក់ បានលេីកឡេីងថា ខេត្តកំពត គឺជាខេត្តដែលមានសក្តានុពលដ៏សម្បូរបែប ជាពិសេសលើវិស័យទេសចរណ៍ និងម្ហូបអាហារ ដែលបានក្លាយជាអត្តសញ្ញាណដ៏លេចធ្លោរបស់ខេត្ត។ ផលិតផលជាច្រើនដូចជា ម្រេចកំពត ទុរេនកំពត ផ្កាអំបិល អាហារសមុទ្រ និងមុខម្ហូបប្រពៃណីជាច្រើន ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យសេចក្តីព្រាងឯកសារបេក្ខភាពរួចមក លោកមានជំនឿថា ក្រុងកំពតមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានឱកាសខ្ពស់ក្នុងការទទួលបានជ័យលាភីចូលជាសមាជិកបណ្តាញទីក្រុងច្នៃប្រឌិតរបស់យូណេស្កូនាពេលខាងមុខ។
ក្នុងឱកាសនោះដែរ លោក Flavio Banetti នាយកអង្គការយូណេស្កូប្រចាំកម្ពុជា បានលេីកឡេីងដែរថា បណ្តាញទីក្រុងច្នៃប្រឌិតរបស់យូណេស្កូ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុងនានា លើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន ដោយចាត់ទុកភាពច្នៃប្រឌិតជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
បណ្តាញ នេះគ្របដណ្តប់លើវិស័យច្នៃប្រឌិតចំនួន៧ រួមមាន សិប្បកម្ម និងសិល្បៈប្រជាប្រិយ ការរចនា ភាពយន្ត ម្ហូបអាហារ អក្សរសិល្ប៍ សិល្បៈ ប្រព័ន្ធផ្សព្វផ្សាយ និងតន្ត្រី។ ការចូលរួមក្នុងបណ្តាញនេះនឹងជួយលើកកម្ពស់អត្តសញ្ញាណវប្បធម៌ ជំរុញសេដ្ឋកិច្ចច្នៃប្រឌិត ពង្រីកឱកាសសម្រាប់អ្នកបង្កើតស្នាដៃ និងលើកកម្ពស់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។
ក្នុងពិធីនេះដែរ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត មានប្រសាសន៍ថា ការរៀបចំឯកសារបេក្ខភាពនេះ មិនត្រឹមតែជាមោទនភាពសម្រាប់ខេត្តកំពតប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ខេត្ត ក្នុងការបង្ហាញអំពីសក្តានុពល វប្បធម៌ និងអត្តសញ្ញាណរបស់កំពតទៅកាន់ពិភពលោក។
សូមបញ្ជាក់ថា ក្រុងកំពត និងក្រុងបានលុង គឺជាក្រុងពីររបស់កម្ពុជា ដែលកំពុងរៀបចំឯកសារបេក្ខភាពសម្រាប់ដាក់ស្នើចូលក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់យូណេស្កូ ក្នុងវដ្តឆ្នាំ២០២៧ ខណៈក្រុងបាត់ដំបងបានក្លាយជាទីក្រុងដំបូងរបស់កម្ពុជា ដែលទទួលបានការទទួលស្គាល់ជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារកាលពីឆ្នាំ២០២៣៕
ដោយ៖ វង្ស សុធារម្យ