ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

image

កំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ដែលស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
 
លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្តីរីករាយក្នុងការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺជាថ្មីម្តងទៀត ដោយបាននាំយកការសាកសួរសុខទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អមជាមួយសមិទ្ធផលថ្មីជាបណ្ណាល័យថ្មីទាំង២។

បន្ថែមលើការលើកឡើងលើសក្តានុពលនានារបស់ខេត្ត លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍមូលធនមនុស្សតាមរយៈវិស័យអប់រំ ក្នុងនោះ រួមមានទាំងការដាក់ចេញបទដ្ឋានគតិយុត្តនានា ជាអាទិ៍មានដូចជាព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀនដែលផ្តល់ជាគុណប្រយោជន៍យ៉ាងច្រើនដល់គ្រូបង្រៀន និងអង្គភាពអប់រំ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រម ព្រៀងការងារដែលពោរពេញដោយសមត្ថ ភាពជាបន្តបន្ទាប់ និងសមិទ្ធផលថ្មីៗ ដូចអ្វីដែលយើងកំពុងរួមគ្នាដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្ណាល័យថ្មីចំនួន២ នាថ្ងៃនេះ។
 
លោកឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ។ ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោកគ្រូ អ្នកគ្រូ ដែលមិនត្រឹមតែលះបង់កម្លាំងកាយចិត្ត ផ្ទេរចំណេះដឹងដល់សិស្សានុសិស្សប៉ុណ្ណោះទេ តែថែម ទាំងបានបង្ហាញនូវ វប្បធម៌នៃការចែករំលែកដ៏ប្រពៃ។ “ការចូលរួមរៃអង្គាសថវិកាផ្ទាល់ខ្លួន រួមជាមួយការគាំទ្រពីសប្បុរសជននានា និងកិច្ចសហការរបស់អាជ្ញាធរពាក់ព័ន្ធ ដើម្បីកសាងសមិទ្ធផលទាំងនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិ បាល ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។”
 
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា “ការប្រសិទ្ធនាមបណ្ណាល័យ តាមឈ្មោះរបស់អ្នកភិរម្យភាសាអ៊ូ  ក្រមង៉ុយ មានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់វិស័យអប់រំ និងវប្បធម៌ជាតិ ដែលផ្សារភ្ជាប់ទៅនឹងគោលបំណងសំខាន់ៗ ចំនួន៣ គឺ៖ (ទី១).ជាការរំលឹកគុណូបការៈ ដឹងគុណ និងលើកតម្កើងដល់ស្នាដៃអក្សរសិល្ប៍របស់លោកតាក្រមង៉ុយ មិនត្រឹមតែជាកំណាព្យទេ ប៉ុន្តែជាបណ្តាំសម្រាប់កូន ខ្មែរ ឆ្លុះបញ្ចាំងពីសីលធម៌ ការរួមសាមគ្គីគ្នា និងការរក្សាវប្បធម៌ជាតិ ដែលស្នាដៃទាំងនោះ នៅតែមានតម្លៃសម្រាប់ការ អប់រំ នៅក្នុងសង្គមខែ្មរ តជំនាន់ (ទី២). ជាការគាំទ្រគោលនយោបាយអប់រំជាតិ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយបញ្ញា ញាណ និង(ទី៣).ជាការបណ្តុះ វប្បធម៌ស្វ័យសិក្សា បង្កើតថ្នាលដ៏រឹងមាំសម្រាប់សិស្សានុសិស្សមកក្រេបជញ្ជក់ចំណេះ ដឹងបន្ថែមក្រៅពីម៉ោងសិក្សា។”

សូមជម្រាបថា បណ្ណាល័យមរតកក្រមង៉ុយទាំងពីរ ជាមួយហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈប្រើប្រាស់ផ្សេងទៀត ដែលស្ថិតនៅក្នុងវិទ្យាល័យចំនួន២ ផ្សេងគ្នា ជាទឹកចិត្តចូលរួមរបស់សប្បុរសជននានា ការរៃអង្គាសរបស់លោកគ្រូអ្នកគ្រូ ជាពិសេសការចូលរួមជាសប្បរសដោយលោកលី ស៊ុយ ព្រមទាំងភរិយា។ ទីតាំងទី១ មានទីតាំងស្ថិតនៅក្នុងវិទ្យាល័យស្លាបលែង ធ្វើពីបេតុង ប្រាក់គ្បឿង ដែលមានរចនាបទខ្មែរបុរាណ មានទំហំបណ្តោយ១២ម៉ែត្រ ទទឹង៦ម៉ែត្រ និងមានខឿនព័ទ្ធជុំវិញបណ្តោយ១៩ម៉ែត្រ ទទឹង១៥ម៉ែត្រ។ ទីតាំងទី២ ស្ថិតនៅក្នុងវិទ្យាល័យមង្គលបពិត្រ ដែលមានទំហំប្រហាក់ប្រហែលគ្នា និងក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺដូចគ្នា៕

អត្ថបទ៖ វង សុភ័ក្ត្រ