ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា

image

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានទទួលជួបពិភាក្សាជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន The Haikou Silk Road Academy of Social Sciences របស់ប្រទេសចិន ដឹកនាំដោយ លោក Qiu Wenxu (Marx) អនុប្រធានប្រតិបត្តិ នៃស្ថាប័ន រួមជាមួយប្រតិភូក្រុមហ៊ុនចិនធំៗមួយចំនួន នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០២៦។
 
ក្នុងឱកាសនោះ លោក Qiu Wenxu បានលើកឡើងថា ក្រុមការងារវិនិយោគនៃប្រទេសចិន មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរបស់ប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងការពិនិត្យលើឱកាសវិនយោគនៅក្នុងប្រទេសកម្ពុជា។
 
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអរគុណ និងគាំទ្រគោលបំណងរបស់ក្រុមហ៊ុននានា មានបំណងចង់វិនិយោគនៅកម្ពុជា ជាពិសេសដូចជាការវិនិយោគដែលធានាបាននូវនិរន្តរភាពបរិស្ថាន។ លោកបានថ្លែងបន្ថែមថា លោក Qiu Wenxu ចង់ឃើញកម្ពុជាមានភាពស្អាត សោភ័ណភាព និងបរិស្ថានបៃតង ប្រៀបបាននឹង «ផ្ទះរបស់ខ្លួន» ផ្ទាល់ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន កិត្តិយសជាតិ ទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកកម្ពុជាកាន់តែច្រើន។
 
ដើម្បីសម្រេចទស្សនវិស័យនេះ ក្រសួងបាននិងកំពុងអនុវត្ត យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (https://moe.gov.kh/index/52309) ដោយផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន ៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ការចូលរួមពីភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន គឺបានឆ្លើយតបនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះ ភាពស្អាត មាន ៣ គឺ ភាពស្អាតក្នុងខ្លួន ភាពស្អាតក្រៅខ្លួន (ក្នុងប្រទេសកម្ពុជា) និងភាពស្អាតលើឆាកអន្តរជាតិ។ ជាមួយគ្នានេះភាពបៃតង កម្ពុជាបានជំរុញការដាំដើមឈើឱ្យបានច្រើនក្នុង១ឆ្នាំ​ ដោយឡែកនៅឆ្នាំ​២០២៦ ក្រសួងបរិស្ថាន គម្រោងចែកកូនឈើចំនួន ៥លាន ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របព្រៃឈើ ព្រមជាមួយការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ឱ្យគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕