សង្គម

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ចូលរួមវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ ដែលរៀបចំឡើងនៅប្រទេសហ្សុកហ្ស៊ី ដោយមានប្រតិភូចូលរួម ជាង ១០០ប្រទេស

image


ប៊ីលីស៊ី៖ តបតាមការអញ្ជើញរបស់លោក Li Junhua អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងលោក Paata Salia រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសហ្ស៊កហ្ស៊ីជាម្ចាស់ផ្ទះ, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ (UN Public Service Forum) នៅក្រុងប៊ីលីស៊ី ប្រទេសហ្ស៊កហ្ស៊ី ក្រោមអធិបតីភាពលោក Irakli Kobakhidze នាយករដ្ឋមន្ត្រីនៃប្រទេសហ្ស៊កហ្ស៊ី។

វេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ នេះ មានការចូលរួមពីរដ្ឋមន្ត្រីមកពីជាង ២០ប្រទេស និងតំណាងជាអនុរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំមកពីសមាជិកអង្គការសហប្រជាជាតិជាង ១០០ប្រទេស និងអង្គការអន្តរជាតិផ្សេងៗ។

ពិធីបើកវេទិកានេះ រៀបចំនៅថ្ងៃទី២៣ ខែមិថុនា ដែលត្រូវនឹង “ទិវាសេវាសាធារណៈ” របស់អង្គការសហប្រជាជាតិ។ ទិវានេះរៀបចំឡើងជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០០៣មក ដើម្បីទទួលស្គាល់តម្លៃនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលជាមូលដ្ឋានដ៏សំខាន់នៃការអភិវឌ្ឍនៅគ្រប់ប្រទេសលើសាកលលោក។ រីឯវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ ត្រូវបានចាប់ផ្ដើមរៀបចំអមទិវានេះ ចាប់ពីឆ្នាំ២០០៩មក ដើម្បីឱ្យបណ្ដាប្រទេសរៀនសូត្រពីបទពិសោធគ្នាទៅវិញទៅមកក្នុងការផ្ដល់សេវាសាធារណៈឱ្យបានល្អប្រសើរ។

ឆ្នាំនេះ ប្រទេសហ្ស៊កហ្ស៊ី ត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះ ដោយសារវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ក្នុងប្រទេសហ្ស៊កហ្ស៊ីលើផ្នែកសេវាសាធារណៈ ជាលទ្ធផលនៃកំណែទម្រង់ក្នុងរយៈពេលប្រមាណ៤ឆ្នាំចុងក្រោយនេះ។
ក្នុងពិធីនេះ ថ្នាល verify.gov.kh កម្ពុជាក៏បានចូលរួមតាំងបង្ហាញជូនអ្នកចូលរួមពីគ្រប់ប្រទេសបានស្គាល់ផងដែរ៕