សង្គម

លោករដ្ឋមន្ត្រី ឌិត ទីណា ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ នាយករដ្ឋមន្ត្រីឡាវ ដោយបានលើកឡើងពីចំណុចអាទិភាពសំខាន់ៗ ក្នុងការបង្កេីនទំហំកសិ-ពាណិជ្ជកម្ម

image


ឡាវ៖ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានដឹកនាំ គណៈ ប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសមជាមួយលោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។

ក្នុងជំនួប លោករដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំនូវការ ផ្តាំផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកនាយករដ្ឋមន្ត្រីឡាវ។ លោករដ្ឋមន្ត្រី លើកឡើងអំពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ លើចំណុចអាទិភាពសំខាន់ៗ ក្នុងការបង្កេីនទំហំកសិ-ពាណិជ្ជកម្ម ការផ្គូផ្គងវិស័យឯកជន និងកិច្ចសហប្រតិបត្តិការលើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដោយដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវ។

លោក បណ្ឌិត សនសៃ ស៊ីផាន់ដន បានថ្លែង អំណរគុណ ចំពោះ សារសួរសុខទុក្ខ ពី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា និងបានវាយតម្លៃ ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវា ងប្រទេសទាំងពីរ ហើយក៏បានលើកឡើងពីលទ្ធភាពក្រសួងកសិកម្មនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងអភិរក្សរួមគ្នា សំដៅរក្សាបាននូវនិរន្តរភាពព្រៃឈេី និងសត្វព្រៃ ។

សូមជម្រាបជូនថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ របស់គណៈប្រតិភូកម្ពុជា ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ កសិកម្ម រវាងប្រទេសទាំងពីរ ជំរុញការនាំចេញ កសិផលសក្តានុពល កម្ពុជា ទៅកាន់ទីផ្សារ អន្តរជាតិ កិច្ចសហប្រតិបត្តិការអភិរក្ស និងពិនិត្យលទ្ធភាពតភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់ ផលិតកម្មជីកសិកម្មពីឡាវមកកម្ពុជា៕